ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អា​ហ្សង់ទីន Mauro Icardi ដែល​ក្លិប Inter Milan លែង​ត្រូវ​ការ បាន​ចូលរួម​ជា​មួយ​នឹងក្លិប Paris Saint-Germain កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជា​មួយនឹង​ជម្រើស​ក្នុងការ​​ទិញ​យក​ដាច់​។ នេះបើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​យក្ស​របស់​បារាំង​មួយនេះ​។ Icardi គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ក្រប​ខ័ណ្ឌ Serie A នា​រដូវកាល​ឆ្នាំ​២០១៧-២០១៨ តាម​រយៈ​ការ​រក​បាន​២៩​គ្រាប់​។ ប៉ុន្តែ កាលពី​រដូវ​កាល​មុន រូប​គេ​ ត្រូវ​បាន​គេដក​ហូត​តំណែង​ជា​ប្រធានក្រុម ដោយ​សារ​តែ​មាន​ជម្លោះ​លើ​កុង​ត្រា ហើយ​ក្រោយ​មក មិន​ត្រូវ​​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ហ្វឹកហាត់​ពេញលេញ​ឡើយ​។

រូប​គេ​ក៏​បាន​​ចាប់​ផ្តើម​ចាត់​វិធាន​ការ​ផ្នែក​ច្បាប់​ប្រឆាំង​នឹង​ក្លិប​នេះ​ ផងដែរ​។ ក្លិប PSG បាន​ត្រូវ​ការ​ខ្សែ​​ប្រយុទ្ធ​ម្នាក់​ជា​បន្ទាន់​។ ពួក​គេ​​នឹង​ត្រូវ​លេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង​របស់​ពួក​គេ​សម្រាប់​ការ​ប្រកួត​បើកឆាក​នៃ​ក្រប​ខ័ណ្ឌ Champions League របស់​ពួកគេ​ជា​មួយ​នឹងក្រុម Real Madrid នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា​។ ខ្សែ​ប្រយុទ្ធ Kylian Mbappe និង Edinson Cavani អាច​នឹង​វិល​ពី​របួស​វិញ​ នៅ​មុន​ពេល​ការ​ប្រកួត​ជុំ​ទី​២​នៃ​វគ្គ​ចែកពូល​។

Neymar ដែល​នៅ​តែ​មិន​ទាន់​បាន​បង្ហាញខ្លួន​ឲ្យ​ក្លិប PSG នៅ​រដូវ​កាល​នេះ ត្រូវ​ជាប់​ពិន័យ​ព្យួរ​៣​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ហេតុ​នេះ រូប​គេមិនអាច​ចូលេង​បាន​ឡើយ បើ​ទោះ​បី​រូប​គេ​រឹង​មាំ​គ្រប់គ្រាន់ ពោល​គឺ​ទាំ​ង​កាយ​សម្បរ​ទា និង​ផ្លូវ​ចិត្ត​ ដើម្បីលេង​​ក៏ដោយ។ ស្រប​ពេល​ដែល Neymar មិន​អាច​សម្រេច​បំណង​របស់​គេ​ក្នុង​ការ​ចាក​ចេញពីក្លិប PSG តារា​ឆ្នើម Icardi បាន​​គេច​ចេញ​ពី​ទំនាក់​ទំនង​ដ៏​ជូរ​ចត់​របស់គេ​ជា​មួយ​នឹង Inter Milan តាម​រយៈ​ការ​បំពេញ​ការ​ខ្ចី​ជើង​ទៅ PSG​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia