កីឡាករ Keylor Navas បានបញ្ចប់ការផ្ទេរទៅលេងនៅក្លឹបយក្សបារាំង Paris Saint-Germain ក្រោយ​ចំណាយពេល៥ ឆ្នាំ នៅឯ Estadio Santiago Bernabeu ។ កីឡាករអន្តរជាតិកូស្តារីការូបនេះ បាន​ចុះកិច្ច​សន្យារយៈពេល ៤ ឆ្នាំជាមួយជើងឯក Ligue១ គឺ PSG ក្នុងតម្លៃផ្ទេរប្រមាណ១៥ លានអឺរ៉ូ។កិច្ចចរចារ​ផ្ទេរ​នេះជា​ផ្នែក​មួយនៃការព្រមព្រៀងដោះដូរគ្នាជាមួយអ្នកចាំទី Alphonse Areola ដើម្បីក្នុងលក្ខខណ្ឌខ្ចីជើង​រយៈ​ពេល​មួយរដូវកាល។

Navas វ័យ ៣២ ឆ្នាំរូបនេះបានចាកចេញពីក្លឹបក្រោយសាងកេរ្ត៏ឈ្មោះល្បីល្បាញនិង បានដើរតួយ៉ាងសំខាន់​ក្នុងការ​ជួយក្លឹបលើកពានរង្វាន់ Champions League បីលើកជាប់ៗគ្នាចន្លោះឆ្នាំ ២០១៦ និង ២០១៨ ពោល​គឺក្នុងរយៈពេល ៥ រដូវកាលជាមួយក្លឹបមានមូលដ្ឋាននៅរាជធានីប្រទេស អេស្ប៉ាញ។ Keylor បានចាកចេញក្រោយឈ្នះមេដាយសរុបចំនួន១២ ក្នុងនោះ៩គ្រឿងបានមកកំលុងពេលរូបគេ​ចូលលេង​ក្នុងនាមជម្រើស១១នាក់ដំបូង។