លោក Unai Emery ដែលជាអ្នកចាត់ការទូទៅបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការជួបជាមួយនឹងក្រុមម្ចាស់ជើងឯក និងជើងឯករងនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ២លើកជាប់ៗគ្នា គឺជាការសាកល្បងសមត្ថភាពដ៏ល្អបំបផុតសម្រាប់ក្រុម Arsenal នៅ​មុនពេលការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍​ភាគខាងជើង​ដូចគ្នាជាមួយ​នឹង​ក្រុម Tottenham Hotspur។

Arsenal បានរងបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Liverpool ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ក្នុងការប្រកួតរវាងក្រុមស្ថិតលើកំពូលតារាងដូចគ្នា កាលពីចុងសប្តាហ៍មុន ហើយពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Spurs នៅថ្ងៃអាទិត្យនេះ ខណៈ Spurs បានទទួលជ័យជម្នះត្រឹមតែ១លើកគត់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡាដ្ឋាន Emirates។ លោក Emery បានប្រាប់អ្នកយកព័ត៌មានថា៖ «ការប្រកួតផ្សេងៗដូចជាកាលពីសប្តាហ៍មុនជាមួយនឹងក្រុម Liverpool និងសប្តាហ៍នេះ ជាមួយនឹងក្រុម Tottenham ពួកគេសុទ្ធសឹងជាក្រុម២ដែលបានលេងក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រដូចគ្នា។ វាជាអស្ចារ្យណាស់ ខ្ញុំគិតថា វាគឺជាការល្បងសមត្ថភាពដ៏ល្អបំផុតហើយវាពិតជាល្អណាស់ក្នុងការប្រកួតជាមួយនឹងក្រុមទាំង២នេះ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ភាពស្វិតស្វាញពិតជាសំខាន់ណាស់។ ពួកគេនឹងព្យាយាមលេងឲ្យបានល្អ ហើយយើងត្រូវតែបង្កើតផែនការប្រកួតរបស់យើងជាមួយនឹងពួកគេ បើទោះដឹងថា វានឹងលំបាក»។ លោក Emery មិនទាន់បានដាក់ឲ្យខ្សែប្រយុទ្ធ Pierre-Emerick Aubameyang, Alexandre Lacazette និងកីឡាករចំណូលថ្មី Nicolas Pepe ឲ្យលេងក្នុងជម្រើសទាំង១១នាក់ដំបូងជាមួយគ្នានៅឡើយទេ ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ថា តារាឆ្នើមទាំង៣ ប្រហែលជាមិនត្រូវបានដាក់ឲ្យលេងជាមួយគ្នា នៅចុងសប្តាហហ៍នេះឡើយ៕