ក្រុម Barcelona នឹងត្រូវស្ថិតក្នុងពូលដ៏តានតឹងមួយដែលមានទាំងក្រុម Borussia Dortmund និង Inter Milan ក្រោយយពីអតីតម្ចាស់ជើងឯកទាំង៣មួយនេះ សុទ្ធសឹងស្ថិតក្នុងពូលតែមួយ ក្នុងការចាប់ឆ្នោតសម្រាប់ការប្រកួតក្រខ័ណ្ឌ Champions League វគ្គចែកពូល កាលពីថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសម៉ូណាកូ ស្របពេលក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool នឹងត្រូវជួបក្រុម Napoli ម្តងទៀត។
ក្រុម Barcelona, Dortmund និង Inter ដែលរួមគ្នាឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបសរុប ៩លើក ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូល F រួមជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ឈេក Slavia Praha។ ក្នុងនាមជាក្រុមដែលចាញ់ក្រោមស្នាដៃក្រុម Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន Lionel Messi និងក្រុម Barcelona នៅតែជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គបន្ត ខណៈដែលពួកគេសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០១៥។
ក្រុម Dortmund បានឈ្នះពានក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ក្នុងឆ្នាំ១៩៩៧ និងបានរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ២០១៣។ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Inter បានផ្តួលក្រុម Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងដំណើរឆ្ពោះទៅកាន់ការលើកពានចុងក្រោយគេក្នុងចំណោមពានទាំង៣របស់ខ្លួន ក្នុងឆ្នាំ២០១០។ លោក Lucien Favre គ្រូបង្វឹករបស់ក្រុម Dortmund បានឲ្យដឹងថា៖ «នេះពិតជាពូលដ៏តានតឹងមួយ ដែលនឹងធ្វើឲ្យមានការប្រជែងកាន់តែខ្លាំងសម្រាប់យើង»៕