ខ្សែការពារ Virgil Van Dijk របស់ក្លិប Liverpool បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានផ្តួល Lionel Messi និង Cristiano Ronaldo ស្របពេលដែល Lucy Bronze បានឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ។

ខ្សែការពារអន្តរជាតិហូឡង់ Van Dijk បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលក្រុម Liverpool បានឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី៦របស់ពួកគេកាលពីរដូវកាលមុន ក្រោយពីបានយកឈ្នះ ២-០ លើក្រុម Tottenham ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Champions League ក្នុងទីក្រុងម៉ាឌ្រីដ។ Van Dijk បានប្រាប់បណ្តាញសារព័ត៌មាន៖ BT Sport ថា៖ «ខ្ញុំត្រូវតែថ្លែងអំណរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំ បើគ្មានពួកគេទេ ខ្ញុំមិនអាចសម្រេចបានអ្វីដែលខ្ញុំបានសម្រេចឡើយ។

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយ ហើយជាផ្នែកនៃការធ្វើដំណើររបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការឈ្នះពាននេះ។ សូមអរគុណគ្រប់គ្នាដែលបានជួយដល់ខ្ញុំ»។កីឡាករវ័យ២៨ឆ្នាំរូបនេះ គឺជាខ្សែការពារដំបូងគេក្នុងការឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ បើគិតចាប់តាំងពីដាក់ឲ្យដំណើរការជាលើកដំបូង ក្នុងរដូវកាលឆ្នាំ២០១០-២០១១។ រូបគេបានផ្ទេរទៅកាន់ក្លិប Liverpool ពីក្លិប Southampton កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួនជាកំណត់ត្រាចំនួន៧៥លានផោន (ស្មើនឹង៩១,៤លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារម្នាក់ ហើយរូបគេបានជួយឲ្យក្រុមហង្សក្រហមឈានទៅប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រភ្លាមៗនៅរដូវកាលនោះ មុននឹងចាញ់ក្រុម Real Madrid៕

ប្រភពព័ត៌មាន៖ Channel News Asia