ទីបំផុត ក្លិប Internazionale បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹង Alexis Sanchez ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Manchester United។ ក្លិបទាំង២ បានពិភាក្សាទៅលើការផ្ទេរដែលអាចទៅរួចមួយអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ និងការទទួលជោគជ័យទៅលើការចរចាផ្សេងៗ បាននាំឲ្យឈានដល់ការព្រមព្រៀងគ្នាតែម្តង។

ការខ្ចីជើងរបស់ Sanchez ត្រូវបានគេរំពឹងទុកថា នឹងមានរយៈពេល១០ខែ ហើយក្លិប Inter មិនមានជម្រើសក្នុងការទិញយកដាច់ឡើយ បើទោះបីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ នឹងត្រូវផ្តល់ប្រាក់បៀវត្សរ៍១៧,៥ម៉ឺនផោន នៃប្រាក់ចំណូលប្រចាំសប្តាហ៍របស់ Sanchez ដែលមានចំនួន ៣៩ម៉ឺនផោន ក៏ដោយ។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ នឹងត្រូវទទួលការត្រួតពិនិត្យសុខភាពនៅទីក្រុង Milan នៅថ្ងៃពុធនេះ។ Sanchez បានចូលរួមជាមួយនឹងក្លិប Man United ក្នុងការដោះដូរគ្នាមួយ ដោយខ្សែបម្រើ Henrikh Mkhitaryan ត្រូវផ្ទេរទៅកាន់ក្លិប Arsenal កាលពីខែមករា ឆ្នាំ២០១៨ ប៉ុន្តែ រូបគេមិនបានបង្កើតការភ្ញាក់ផ្អើលណាមួយនៅកីឡាដ្ឋាន Old Trafford ឡើយ។

តារាឆ្នើមអន្តរជាតិឈីលីរូបនេះ បានស៊ុតបាល់បញ្ចូលទីត្រឹមតែ៣គ្រាប់គត់ក្នុងការប្រកួតក្របខ័ណ្ឌលីក៣២លើក ហើយលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បានសម្រេចអនុញ្ញាតឲ្យរូបគេចាកចេញ បើទោះបីបានលក់ខ្សែប្រយុទ្ធ Romelu Lukaku ទៅឲ្យ Inter រួចជាស្រេចក៏ដោយ។ ការផ្ទេរនេះ នឹងធ្វើឲ្យលោក Solskjaer មិនមានជម្រើសច្រើនឡើយក្នុងតំបន់ប្រយុទ្ធ ដោយបច្ចុប្បន្នមានតែ Marcus Rashford, Anthony Martial និង Mason Greenwood ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ The Guardian