យោង Diario Gol នៅអេស៉្បាញបានចុះផ្សាយថាសមាជិកថ្មី Eden Hazard កំពុង​អំពាវនាវ​ឱ្យក្លឹប​អធិរាជ​សបំភ្លេចក្តីសុបិន្តក្នុងចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar មកកាន់ទឹកដី Santiago Bernabeu ហើយ ​បង្កើន​​ការ​ចរចា​រដើម្បីផ្ទេរយកខ្សែបម្រើ Paul Pogba របស់ក្រុម Man.United មកជំនួសវិញ ។

មូល​ហេតុ​ក៏ព្រោះ​តែការ​យល់​ឃើញ​របស់​ប្រធានក្រុម Sergio Ramos និងគ្រូបង្វឹក Zinedine Zidane ត្រូវបាន​ប្រភព​ខាងលើចុះ​ផ្សាយ​ថាពួក​គេ​​ទាំងពីរក៏ឯកភាពតាមការយល់ឃើញរបស់ Hazard លើករណីដូចគ្នានេះដែរ ខណៈ ទីផ្សារដោះដូរ​កីឡាករអ៊ឺរ៉ុប​និងត្រូវ​​បិទក្នុង​រយៈពេលពីរទៅបីថ្ងៃខាងមុខនេះ។ Pogba មានទំនាក់ទំនងនិងការចាប់អារម្មណ៏ពីសំណាក់ក្លឹប Real Madrid អស់រយៈ​ពេល​ជាច្រើនខែមក​ហើយ​ប៉ុន្តែបិសាចក្រហម បានទាមទារប្រាក់យ៉ាងច្រើនសម្រាប់កិច្ចព្រមព្រៀង​នេះ ។

ផ្ទុយទៅវិញ Florentino Perez នៅ​តែចង់បាន Neymar ប៉ុន្តែផ្អែកលើតម្លៃខ្លួនក្លឹបអាចពិចារណាការចុះហត្ថលេខា​នាំយក​​ខ្សែបម្រើ Pogba មក​រួម​ក្រុមច្រើនជាង Neymar ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះនៅមិនទាន់ប្រាកដពីអនាគត​របស់​​ខ្លួន​នៅ​កីឡាដ្ឋាន Old Trafford និងទៅជាយ៉ាងណាពិតប្រាកដនោះដែរ។