Romelu Lukaku កំពុងព្យាយាមបញ្ចុះបញ្ចូលអតីតមិត្តរួមក្រុមគឺខ្សែបម្រើ Alexis Sanchez ឱ្យចាកចេញពី ក្រុម Manchester United ដើម្បីមកចូលរួមជាមួយខ្លួននៅក្លឹប Inter Milan ។ កីឡាករខ្សែប្រយុទ្ធអន្តរ​ជាតិ​បែល​ហ្សិក​ Lukaku បាន​ផ្លាស់ពី Old Trafford និងមានអារម្មណ៍​ថា​ពេញចិត្តស្ថានភាពរស់នៅនិងការ​ប្រកប​អាជីព​​បាល់ទាត់​នៅ​ប្រទេសអ៊ីតាលី​ហើយ​ផ្អែក​លើ​មូលហេតុនេះហើយដែលរូបគេចង់អោយ Sanchez ផ្លាស់​មកលេងនៅក្របខណ្ឌ SerieA ។

គេហទំព័រ Daily Mail បានដកស្រង់សម្តី Lukaku ពីគេហទំព័រទំព័រ Metro និងបានចុះផ្សាយថាអតីត​ខ្សែ​ប្រយុទ្ធ ​Everton,Chelsea,និង West Brom បានណែនាំនិងផ្ញើរសារលួងលោម Sanchez ឱ្យផ្លាស់មកកាន់​ទឹក​ដី San Siro មុនរដូវកាលថ្មី២០១៩-២០២០ចាប់ផ្តើម។

អនាគតរបស់ Sanchez ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងរយៈពេលប៉ុន្មានខែថ្មីៗចុងក្រោយនេះ​នេះបន្ទាប់ពីរូប​គេធ្លាក់ទម្រង់លេងនិងបញ្ហារបួសតាមញាំញី បើទោះបីជាខ្សែបម្រើអន្តរជាតិឈីលីរូបនេះមានតម្លៃខ្លួនថ្លៃ ជាងគេ​បំផុត​នៅក្នុងក្រុមយ៉ាងណាក្តី ។