ក្រុម Bayern Munich ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Philippe Coutinho របស់ក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលនេះ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃចន្ទ។ Bayern នឹងត្រូវបង់ប្រាក់លើការខ្ចីជើងចំនួន៨,៥លានអឺរ៉ូ (ស្មើនឹង៩,៥លានដុល្លារអាមេរិក) និងត្រូវរ៉ាប់រងលើប្រាក់ខែរបស់គេ។
ពួកគេមានជម្រើសក្នុងការទិញយកដាច់សម្រាប់តម្លៃខ្លួន១២០លានអឺរ៉ូ។ Coutinho ដែលបានចូលរួមជាមួយនឹងក្លិប Barcelona កាលពីខែមករា ឆ្នាំមុនសម្រាប់តម្លៃខ្លួនប្រមាណជា១៤២លានផោននោះ គឺជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតលំដាប់ទី៣ ក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់ ប៉ុន្តែ រូបគេមិនបានបង្ហាញថ្វីជើងដ៏អស្ចារ្យនៅកីឡាដ្ឋាន Camp Nou ដូចដែលរូបគេបានធ្វើនៅជាមួយនឹងក្រុម Liverpool ឡើយ។
ក្លិប Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប FC Barcelona និង Bayern Munich បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការខ្ចីជើងរបស់កីឡាករ Philippe Coutinho ទៅកាន់ក្លិបអាល្លឺម៉ង់មួយនេះ សម្រាប់រដូវកាលឆ្នាំ២០១៩-២០២០»។ ក្លិប Barcelona បានបន្ថែមថា៖ «Barcelona សូមថ្លែងអំណរគុណជាសាធារណៈដល់ Philippe Coutinho សម្រាប់ការប្តេជ្ញាចិត្ត និងការលះបង់របស់គេ ហើយសូមជូនពរគេឲ្យជួបតែសំណាងល្អក្នុងដំណាក់កាលថ្មីនៃអាជីពរបស់គេ»។ Coutinho នឹងត្រូវពាក់អាវលេខ១០ ដែលត្រូវបានពាក់ដោយ Arjen Robben កាលពីមុន ប៉ុន្តែ តារាឆ្នើមហូឡង់រូបនេះ បានចូលនិវត្តន៍កាលពីរដូវកាលមុន៕
ប្រភពព័ត៌មាន៖ Channel News Asia