ក្រុម Tottenham Hotspur បានបញ្ចប់មហិច្ឆតាក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ក្រុម Manchester City កាលពីរដូវកាលមុន ហើយពួកគេនឹងសម្លឹងរកផ្តល់ការខកចិត្តទៅលើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ជាលើកទី៣ជាប់ៗគ្នារបស់ក្រុមលោក Pep Guardiola នៅពេលដែលពួកគេជួបគ្នានាកីឡាដ្ឋាន Etihad នៅថ្ងៃសៅរ៍ សប្តាហ៍នេះ។
ការខកចិត្តដ៏ធំមួយក្នុងរដូវកាលដ៏គួរឲ្យកត់សម្គាល់មួយសម្រាប់ក្រុម Man City បានកើតឡើងកាលពីខែមេសា ក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Spurs។ ក្រុម Man City បានឈ្នះការប្រកួតក្នុងជើងទី២ក្នុងលទ្ធផល ៤-៣ ប៉ុន្តែ បានធ្លាក់ចេញដោយសារតែគ្រាប់បាល់ក្រៅដី បន្ទាប់ពីគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានចាត់ទុកថា ជាគ្រាប់បាល់ offside បន្ទាប់ពីការត្រួតពិនិត្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។
ត្រឹមតែរយៈពេល៣ថ្ងៃក្រោយមក ក្រុមទាំង២ បានជួបគ្នាម្តងទៀត ក្នុងការប្រកួតក្របខ័ណ្ឌលីក ខណៈដែលក្រុមរបស់លោក Guardiola បានរក្សាការស្ថិតក្នុងការប្រជែងពានរបស់ខ្លួន តាមរយៈការយកឈ្នះក្នុងលទ្ធផល ១-០។ ក្រុមទាំង២ បានចាប់ផ្តើមយុទ្ធនាការក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេ ជាមួយនឹងជ័យជម្នះដូចគ្នា ដោយក្រុម Man City បានយកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល ៥-០ នាកីឡាដ្ឋាន London ស្របពេលដែលក្រុម Spurs បានយកឈ្នះលើក្រុម Aston Villa ៣-១ នៅលើទឹកដីខ្លួនឯង។ Man City នឹងមានការធូរស្រាល ដោយសារតែតារាឆ្នើមអន្តរជាតិកូរ៉េខាងជើង Son Heung-min របស់ Spurs នឹងត្រូវអវត្តមានក្នុងការប្រកួតនេះ ខណៈដែលរូបគេជាប់ពិន័យព្យួរ៣ប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia