Real Madrid កំពុងត្រៀមចុះកុងត្រាកីឡាករមួយចំនួនបន្ថែមទៀតមុនពេលទីផ្សារដោះដូរនិងបញ្ចប់នៅរដូវក្តៅ ខណៈដែលក្លឹបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើតារាឆ្នើមរបស់ក្រុម Chelsea ម្នាក់។យោងគេហទំព័​រ ​Don Balon បានចុះផ្សាយថា លោក Zinedine Zidane ចង់បានខ្សែបម្រើ-ការពារ N-Golo Kante មកជំនួស​តំណែងកីឡាករសញ្ជាតិប្រេស៊ីល Casemiro ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាប់អារម្មណ៏កីឡាកររួមជាតិ Kante ចាប់តាំងពីរុបគេជួយក្រុមជម្រើសជាតិមាន់គក លើកពានរង្វាន់ព្រឹត្តការណ៏បាល់ទាត់ពិភពលោក ២០១៨ FIFA នៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុន​និង​ជា សមាជិក​សំខាន់មួយរបស់ Chelsea ដែលបានជួយក្រុមលើកពាន UEFA Europa League ផងដែរ។

បច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Frank Lampard អតីតកីឡាករក្រុមកញ្ជ្រោងខៀវ Kante នៅមិនទាន់បានចូលលេងនិង​ទទួលតួនាទី ពិតប្រាកដ ដូចដែលអតីត គ្រូបង្វឹកក្រុម​តោខៀវ​លោក Maurizio Sarri ធ្លាប់បានដាក់អោយរូបគេចូល​លេងទៀងទាត់នៅរដូវកាលចាស់នោះទេ ស្របពេល​ដែល​បញ្ហារបួស​របស់​ខ្លួនក៏នៅតែមិនទានប្រាកដថាជាសះស្បើយនៅឡើយ។ យ៉ាងណាមិញមិនមែនជារឿងងាយស្រួល​ទេសម្រាប់​ Real Madrid ក្នុងការទិញយក Kante ព្រោះពួកគេនិងប្រឈមសម្ពាធជាច្រើនពី Chelsea ដែលកំពុងចាត់ទុក ខ្សែ បម្រើរូបនេះជាកីឡាករសំខាន់នៅ​ក្នុងក្រុម ដើម្បីគាំទ្រដល់ខ្សែប្រយុទ្ធជួរមុខផងដែរនោះ ។