លោក Jose Mourinho អះ​អាង​ថា Manchester City គឺ​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ដ៏ខ្លាំង ដែល​អាច​ឈ្នះពាន​ក្រប​ខ័ណ្ឌ​កំពូល​​របស់​​អង់គ្លេស​មួយ​នេះ ជា​មួយ​នឹង​ក្រុម​កីឡាករ​ស្ថិត​ក្នុង​ជម្រើស​ទី​២​​របស់​ពួក​គេ​។ លោក Mourinho ដែលធ្វើ​ជា​ការ​អ្នក​អធិប្បាយ​សម្រាប់​ទូ​រទស្សន៍ Sky Sports កាលពីថ្ងៃ​អាទិត្យ​នោះ ត្រូវ​បាន​ចោទ​​សួរ​ថា តើ​ក្រុម​ណា​​អាច​ឈ្នះ​ពាន​​នៅ​រដូវ​កាល​នេះ? ហើយ​អតីត​អ្នក​ចាត់​​ការ​​ទូទៅ​របស់​ក្លិប Manchester United រូបនេះ បាន​បង្ហាញពី​កម្រិត​ភាពខ្លាំង​របស់​ក្រុម Man City ភ្លាម​ៗ​​។

Man City បាន​ចាប់​ផ្តើម​ធ្វើ​កា​ប្រជែង​​ដើម្បី​ឈ្នះ​ពាន​ជា​លើក​ទី​៣​ជាប់​ៗ​​គ្នា​របស់​ពួក​គេ តាម​រយៈ​ការ​ផ្តួលក្រុម West Ham ក្នុងលទ្ធ​ផល ៥-០ កាលពីថ្ងៃ​សៅរ៍ ក្រោយពី​ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ហើយ Gabriel Jesus និង Sergio Aguero រក​បាន​ម្នាក់​១​គ្រាប់​ដូចគ្នា​។ នៅពេល​​ដែល​ប្រកួត​ជា​​មួយនឹងក្រុម West Ham ក្រុមរ​បស់​លោក Pep Guardiola ប្រជុំ​ដោយ​​កីឡាករ​បម្រុង​ឆ្នើម​ៗ​ជា​ច្រើន ដូច​ជា Joao Cancelo, Bernardo Silva, Ilkay Gundogan និង Aguero ដែល​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​តាម​រយៈ​បាល់ប៉េ​​ណាល់​ទី​ ក្រោយពី​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​តង់​ទី​២​។

ទាក់​ទង​នឹង​បេក្ខ​ភាព​​ដែល​មាន​សមត្ថ​ភាព​ប្រជែង​ដណ្តើម​ពាន លោក Mourinho បាន​បញ្ជាក់​ថា៖ «ក្រុម Man City, Tottenham, Liverpool និង​ក្រុម​ជម្រើស​ទី​២​របស់​​ Man City​។ នៅពេល​ដែល​ខ្ញុំ​បាន​មើល​កីឡាករ​បម្រុង​របស់​ពួកគេ​កាលពី​ម្សិលមិញ កីឡាករ​ដែលមិន​បាន​ចូល​លេង ខ្ញុំ​គិត​ថា សូម្បី​តែ​ក្រុម​ជម្រើស​ទី​២ ក៏​អាច​ប្រជែង​ពាន​បាន​ផងដែរ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia