លោក Paul Merson បានជំរុញឱ្យ Frank Lampard ទាញយករូបមន្តដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho ដើម្បីអាចទទួលបានភាពជោគជ័យ ក្នុងការបង្វឹក ដូចដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់​ធ្លាប់ធ្វើ​បានជាមួយ Chelsea នាពេលកន្លងមក ។

Lampard វីរបុរស​ក្រុម​​តោខៀវវ័យ៤១ឆ្នាំ បានសម្រេច​វិល​ត្រឡប់​មកកាន់កីឡាដ្ឋាន Stamford Bridge វិញនៅរដូវក្តៅនេះបន្ទាប់ពីអតីតគ្រូបង្វឹកលោក Sarri ចាកចេញ និង​ក្រោយ​​ពី​បង្ហាញ​​សមត្ថភាពដឹកនាំក្រុម Derby County ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ Championship នៅរដូវកាល​ដំបូង​​ដែល​ខ្លួន​​បានចាប់អាជីពជាគ្រូបង្វឹក។

យ៉ាងណាមិញក្រោមការដឹកនាំរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក្រុម Chelsea ចាប់ផ្តើម​ការប្រកួតនៅរដូវកាលថ្មីនេះគឺឈ្នះតែម្តងគត់ ក្នុងចំណោមការប្រកួតលីកកំពូលអង់គ្លេស Premier League បួនដង​និង​កំពុងឈរនៅលេខរៀងទី១១ក្នុងតារាង ។ Merson អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់យ៉ាង ដូច្នេះ​ថា: ការ​​ឈ្នះ​ការ ប្រកួតគឺជារឿងលំបាកមួយដែលអ្នកត្រូវធ្វើនៅពេលដែលអ្នកបាត់បង់កីឡាករឆ្នើមរបស់អ្នក នៅ​លើ​ពិភព​​លោក​ដូចជា Eden Hazard ។ដូច្នេះពេលនេះសម្រាប់ Lampard គឺការអត់ធ្មត់។