លោក​ Jose Mourinho មិនទាន់​មាន​ការងារ​ថ្មី​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨ មកម្ល៉េះ ប៉ុន្តែ​អតីត​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​​តែង​តែ​ជាប់​រវល់​នឹង​ការ​វិភាគ​បាល់ទាត់​ និង​ការ​ផ្ដល់​បទ​សម្ភាសន៍​ជានិច្ច​។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​នាពេល​ថ្មីៗ​នេះ លោក​បាន​ឆ្លៀត​​ចំអក​ឱ្យ​អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United មួយ​រូប​ទៀត​គឺ​លោក Louis van Gaal។

លោក Jose Mourinho បាន​ចូល​រួម​ជាភ្ញៀវ​នៅ​ក្នុងកម្មវិធីរបស់គេហទំព័រ Joe.co.uk ដោយ​ចូល​រួម​លេង​ល្បែង​កំសាន្ដ​មួយ​ដែល​គាត់​ត្រូវ​ទាយ​ថា​សម្ដី​មួយ​ដែល​គេ​លើក​ឡើង​ជាសម្ដី​របស់​តារា​ភាព​យន្ដ​ ឬជាសម្ដី​របស់អ្នកចាត់ការ​ក្លឹប​បាល់ទាត់។ សម្ដី​ដំបូង​ដែល​គេ​លើក​ឡើង​ឱ្យ​លោក Mourinho ទាយ​​ជាសម្ដី​របស់​លោក Van Gaal។ អតីត​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​រូបនេះ​បានដឹក​នាំ​ក្រុមបិសាច​ក្រហម​មុន​លោក Mourinho ហើយ​ត្រូវបានដកចេញ​ពីតួនាទី​ក្រោយ​ដឹកនាំ​បាន ២ឆ្នាំ។ សម្ដី​ដែល​ត្រូវបានលើក​ឡើង​ឱ្យ​អតីត​អ្នកចាត់ការ​ដែលធ្លាប់ឈ្នះ​ពាន​រង្វាន់ឆេម​ពានលីគ​​២ជំនាន់​រូបនេះ​ទាយគឺ៖ “ពេល​ដែលខ្ញុំ​គិត​ថា​ខ្ញុំ​បាន​បង្កើត​កំហុស​ វាធ្វើឱ្យ​ខ្ញុំ​ដេក​មិនលក់​នោះទេ ប៉ុន្តែ​ស្ថានភាព​នេះ​កម្រ​នឹង​កើតឡើង​ណាស់”។

គ្រាន់​តែបានអាន​សម្ដី​នេះរួចភ្លាម លោក Mourinho បាន​ឆ្លើយតប​ភ្លាមៗថា៖ “នេះជា​សម្ដីរបស់អ្នកចាត់ការ! មនុស្ស​ដែល​ឱ្យ​តម្លៃ​ខ្លួន​ឯង​សំខាន់​យ៉ាងនេះ មាន​តែអ្នកចាត់ការ​ក្លឹប​បាល់ទាត់ទេ”។ នៅពេល​ដែល​គេប្រាប់ថា​គាត់ឆ្លើយបានត្រឹមត្រូវ ហើយនេះជាសម្ដី​របស់​លោក Louis van Gaal អតីត​អ្នកចាត់ការ​ក្លឹប​ Manchester United រូបនេះ​បាន​និយាយថា៖ “អូ ទំនងហើយ”៕