ក្លិប Manchester City បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារស្លាបស្តាំអន្តរជាតិព័រទុយហ្គាល់ Joao Cancelo ពីក្លិប Juventus សម្រាប់តម្លៃខ្លួន៦០លានផោន (ស្មើនឹង៧៣លានដុល្លារអាមេរិក)។ ការផ្ទេរនេះ នឹងត្រូវតម្រូវឲ្យខ្សែការពារ Danilo វ័យ៣៨ឆ្នាំរបស់ Man City ផ្ទេរទៅកាន់ក្លិបសេះបង្កង់វិញ ក្នុងតម្លៃខ្លួន៣៤,១លានផោន។ Cancelo វ័យ២៥ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យាមួយនាកីឡាដ្ឋាន Etihad រហូតដល់រដូវក្តៅ ឆ្នាំ២០២៥ ហើយនិងក្លាយជាកីឡាករចំណូលថ្មីទី៣របស់ក្លិប Man City នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករ Angelino និង Rodri។
Cancelo បាននិយាយថា៖ «Man City គឺជាក្លិបដ៏អស្ចារ្យមួយ ដោយមានអ្នកចាត់ការទូទៅដ៏ឆ្នើមម្នាក់ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ។ អ្វីៗទាំងអស់អំពីពួកគេ បានផ្តល់ការចាប់អារម្មណ៍ដល់ខ្ញុំ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ទម្រង់លេងរបស់ពួកគេ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំតែងតែសម្លឹងរកការអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំ និងឈ្នះពានជាច្រើន ហើយខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបាននៅទីនេះ ហេតុនេះ ពេលនេះ ខ្ញុំពិតជាសម្លឹងឆ្ពោះទៅមុខទៅកាន់រដូវកាលថ្មី និងសាកល្បងសមត្ថភាពរបស់ខ្ញុំក្នុងក្របខ័ណ្ឌ Premier League»។
Cancelo ដែលអាចលេងក្នុងតំបន់បម្រើការពារ ក៏ដូចជាខ្សែការពារស្លាបឆ្វេងនោះ បានចូលរួមជាមួយនឹងក្លិប Juventus ដែលនាំយកពីក្លិប Valencia សម្រាប់តម្លៃខ្លួន៣៥លានផោន កាលពីឆ្នាំ២០១៨ ក្រោយពីបានខ្ចីជើង១រដូវកាលជាមួយនឹងក្លិប Inter Milan៕
ប្រភពព័ត៌មាន៖ Channel News Asia