លោក Antonio Conte គ្រូបង្វឹក​របស់​ក្រុម Inter Milan សង្ឃឹម​ថា នឹង​បំពេញ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពីក្លិប Manchester United ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​។ ក្លិប​របស់អ៊ី​តាលីមួយនេះ បាន​ប្រមាញ់​ទិញ Lukaku អំឡុង​ពេល​នៃ​ការ​​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅពេលនេះ និង​បាន​​បន្ត​ធ្វើ​ការ​ព្យា​យាម​ដាក់​សំណើរថ្មី​មួយ​ក្នុង​ទឹក​ប្រាក់​៦៥លានផោន (ស្មើ​នឹង​៧៩​​លាន​ដុល្លារ​អាមេរិក) ខណៈ​​ដែល​ពួក​គេ​ចង់​បំពេញការ​ផ្ទេរ​នេះ ឲ្យ​ទាន់​ពេល​វេលា​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បែល​ហ្ស៊ិក​រូបនេះ មិន​បាន​លេង​សូម្បី​តែ​១​នាទី ក្នុង​យុទ្ធនាការ​មុន​បើក​រដូវ​កាល​របស់ក្រុម Man United ហើយ​លោក Conte ជឿជាក់​ថា រូប​លោក​អាច​នាំ​យក​តារាឆ្នើម​វ័យ​២៦​ឆ្នាំ​រូប​នេះ​ទៅ​កាន់​កីឡាដ្ឋាន San Siro​។

ក្រោយ​ពីក្រុមរ​បស់​លោក​បានប​ញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹកដីក្រុម Tottenham ក្នុង​ការ​ប្រកួតមិត្ត​ភាព​មុន​បើក​រដូវកាល កាលពីថ្ងៃ​អាទិត្យ គ្រូបង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​បន្ត​ធ្វើ​ការ​ទៅលើ​ការងារ​នេះ ក្នុង​​មធ្យោ​បាយ​ដ៏ល្អ​បំផុត​​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​យល់​ថា មាន​ចន្លោះ​ជាច្រើន​ដែល​ត្រូវ​តែ​បំពេញក្នុង​ពេល​នេះ ហើយ​​ខ្ញុំ​ពោ​រពេញ​ដោយ​​ការ​ជឿជាក់ថា ការ​ផ្ទេរ​នេះ នឹង​កើត​ឡើង​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ជា​មួយនឹងក្រុម​​កីឡាករ​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​ពេញ​ចិត្ត​ខ្លាំង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia