គ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក ស៊ុំ វណ្ណា បាននឹងកំពុងរៀបចំផែនការ ដើម្បីបង្អាក់ដំណើរ ឬកាន់បន្ថយភាពខ្លាំងរបស់ក្រុមមិនទាន់ស្គាល់ការចាញ់សោះ ព្រះខ័នរាជស្វាយរៀង ដើម្បីកុំឲ្យក្រុមនេះ បានលេខ១ ជាមួយលទ្ធផលល្អពេក និងបើកផ្លូវឲ្យក្រុមធំៗផ្សេងទៀត ចូលរួមប្រជែងជាមួយស្វាយរៀង ផងដែរ។

លោក ស៊ុំ វណ្ណា បាននិយាយថា៖ «នៅសប្តាហ៍នេះ យើងត្រូវជួប ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមមិនដែលចាញ់សោះ ព្រោះទម្រង់របស់គាត់ល្អ ហើយការរៀបចំក៏បានល្អ តាំងពីដើមទី រហូតមកដល់ពេលនេះ ប៉ុន្តែយើងមានឱកាសប្រជែងជាមួយគាត់ នៅក្នុងទឹកដីយើងផ្ទាល់ គឺយើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីបង្អាក់ដំណើររបស់គាត់ កុំឲ្យគាត់បានលេខ១ វាល្អពេក»។

ក្លិបភ្នំពេញក្រោន បានបង្ហោះការលើកឡើងរបស់លោក ស៊ុំ វណ្ណា នេះ នៅលើផេចហ្វេសប៊ុករបស់ខ្លួន ហើយការវាយប្រហារបែបពាក្យសំដី នៅមុនការប្រកួតចាប់ផ្តើមនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះ១៦ប្រកួតកន្លងមកនេះ ក្រុមស្វាយរៀង មិនដែលចាញ់ម្តងសោះ និងកំពុងមានពិន្ទុដាច់ឆ្ងាយពីគេ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា ភ្នំពេញក្រោន អាចធ្វើបាន ឬយ៉ាងណានោះទេ ខណៈការប្រកួតជើងទី១ ពួកគេ បានចាញ់ក្រុមម្ចាស់ផ្ទះស្វាយរៀង រហូតដល់ ៥-១ នោះ។

លោក ស៊ុំ វណ្ណា បានបន្ថែមថា៖«យើងរៀបចំធ្វើយ៉ាងណា ដើម្បីកាត់បន្ថយពិន្ទុក្រុមស្វាយរៀង ដើម្បីឲ្យក្រុមផ្សេងទៀត ដែលជាក្រុមធំដូចគ្នា មានឱកាសលេងជាមួយគាត់ និងបង្អាក់ដំណើរគាត់ទៀត កុំឲ្យពិន្ទុវាចាញ់ដាច់ឆ្ងាយពីគ្នាពេក ព្រោះបើពិន្ទុដាច់ឆ្ងាយខ្លាំងពេក ធ្វើឲ្យក្រុមផ្សេងទៀតអស់សង្ឃឹម រួចទម្លាក់ការរៀបចំ និងទម្លាក់ទម្រង់លេងរបស់គាត់ អ៊ីចឹងគោលដៅចម្បងរបស់យើងលើកនេះ គឺយើងព្យាយាមបង្អាក់ដំណើររបស់ក្រុមស្វាយរៀង»។

គ្រូបង្គោលបណ្តោះអាសន្នរបស់ក្រុមភ្នំពេញក្រោន រូបនេះ បានបញ្ជាក់ថា៖«ទោះយើងមិនអាចឈ្នះគាត់ ក៏យើងត្រូវយកស្មើគាត់ឲ្យបានដែរ ព្រោះគាត់ជាក្រុមខ្លាំង នៅក្នុងលីក។ បើយើងទទួលបានជ័យជម្នះលើគាត់ វារឹងតែល្អ ដើម្បីបង្អាក់ដំណើររបស់គាត់ ហើយនេះជាការប្រកួតដ៏ធំបំផុតរបស់យើង ប្រចាំរដូវកាលនេះ»។

យ៉ាងណាក៏ដោយ លោក ជូ សារឿង គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង មិនបានចាប់អារម្មណ៍ទៅលើការលើកឡើងរបស់ លោក ស៊ុំ វណ្ណា នោះទេ។ លោកបានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «នេះគ្រាន់តែទស្សនៈរបស់គាត់ ដែលយើងមិនអាចយកមកគិត នៅក្នុងអារម្មណ៍របស់យើងនោះទេ! រឿងដែលសំខាន់ យើងត្រូវពង្រឹងសមត្ថភាពកីឡាកររបស់យើង គឺយើងមិនអាចធ្វេសប្រហែងនោះទេ ព្រោះយើងចង់រក្សាជ័យជម្នះរបស់យើងបន្តទៀត»៕