អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន កែវ សុខង៉ន បានបង្ហាញពីទិសដៅពិតប្រាកដរបស់ក្លិបភ្នំពេញក្រោន ក្នុងការប្រជែងយកពានសម្តេច ហ៊ុន សែន ឲ្យបានម្តងទៀត បន្ថែមទៅលើការឈ្នះពានមួយនេះ ចំនួន២លើកកន្លង ព្រោះភ្នំពេញក្រោន បានខកខានឈ្នះពាននេះ អស់រយៈពេល១០ឆ្នាំមកហើយ។

អតីតកីឡាករជម្រើសជាតិ កែវ សុខង៉ន បាននិយាយថា៖ «សម្រាប់ភ្នំពេញក្រោន យើងមានគោលដៅច្បាស់លាស់ គឺយើងចង់បានពានរង្វាន់សម្តេច លើកទី៣ម្តងទៀត ព្រោះវត្តមានពានរង្វាន់សម្តេចនេះ យើងបានខកខានឈ្នះពានយូរណាស់មកហើយ អ៊ីចឹងការតាំងចិត្ត និងប្តេជ្ញាចិត្តរបស់ក្លិប គឺយើងសង្ឃឹមថា ភ្នំពេញក្រោន នឹងធ្វើបានល្អ»។

ការលើកឡើងរបស់ កែវ សុខង៉ន ត្រូវបានធ្វើ នៅក្នុងពិធីចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃពុធម្សិលមិញហើយតាមលទ្ធផលការចាប់ឆ្នោតនោះ ក្រុមភ្នំពេញក្រោន បានជួបក្រុមការពារតំណែងជើងឯក ក្រសួងការពារជាតិ (ទ័ព) ដែលត្រូវបានគេមើលឃើញថា វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញ ព្រោះក្រុមទ័ព បានបង្ហាញពីការមហិច្ឆតាចង់ឈ្នះពាន នៅឆ្នាំនេះដូចគ្នា។

ដោយឡែកសម្រាប់ការប្រកួតជម្រុះទាំង២ជើង ក្នុងវគ្គ១៦ក្រុម ដែលទើបបានបញ្ចប់កាលពីថ្ងៃទី១១ ខែកក្កដា កន្លងមកនេះ ក្រុមភ្នំពេញក្រោន បានឈ្នះក្រុមខេត្តកំពង់ចាម ១០-០ នៅជើងទី១ និងបន្តឈ្នះ ១៤-០ នៅជើងទី២ រីឯក្រុមទ័ព បានឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១ ក្នុងជើងទី១ និងបន្តឈ្នះ ៣-២ នៅជើងទី២។

គួររំឭកថា នៅក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នេះ ក្រុមភ្នំពេញក្រោន ធ្លាប់ឈ្នះពានជាលើកដំបូង កាលពីឆ្នាំ២០០៨ ក្រោយឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមមួយនេះ បានបន្តឈ្នះពាននេះ ម្តងទៀត នៅឆ្នាំ២០០៩ ក្រោយឈ្នះក្រុមណាហ្គាវើល ១-០ វគ្គផ្តាច់ព្រ័ត្រ។ បន្ថែមលើនេះ ភ្នំពេញក្រោន ក៏ធ្លាប់បានឈ្នះជើងឯករង១លើកផងដែរ បន្ទាប់ពីពួកគេបានចាញ់ក្រុមក្រសួងការពារជាតិ ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ៕