ការផ្ទេររបស់ខ្សែប្រយុទ្ធ Antoine Griezmann ទៅកាន់ក្លិប Barcelona អាចនឹងត្រូវប្លុក ដោយសារតែជម្លោះលើតម្លៃខ្លួន។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Javier Tebas ដែលជាប្រធានរបស់ក្របខ័ណ្ឌ La Liga។

ក្លិប Atletico Madrid បានដាក់ពាក្យបណ្តឹង ក្រោយពីក្លិប Barca បានប្រកាសថា ពួកគេបានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បន្ទាប់ពីបានចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន១២០លានអឺរ៉ូ (ស្មើនឹង១៣៤លានដុល្លារអាមេរិក) កាលពីថ្ងទី១២ ខែកក្កដា។ ទឹកប្រាក់ក្នុងលក្ខខណ្ឌរំលាយកិច្ចសន្យាបានថយចុះពី២០០លានអឺរ៉ូ មកនៅត្រឹម១២០លានអឺរ៉ូ កាលពីថ្ងៃទី១ ខែកក្កដា។

ប៉ុន្តែ ក្លិប Atletico បានអះអាងថា ការផ្ទេរនេះ ត្រូវបានបំពេញ នៅមុនពេលកាលបរិច្ឆេទនោះ ហើយថា ពួកគេគួរតែទទួលបានតម្លៃខ្លួនច្រើនជាងនេះ។ លោក Tebas បានប្រាប់កាសែត Onda Cero ថា៖ «វាអាចទៅរួចក្នុងការលុបចោលការផ្ទេររបស់កីឡាករម្នាក់។ ក្របខ័ណ្ឌ La Liga will នឹងត្រូវតែសម្រេចចិត្តទៅលើចំណាត់ការដែលត្រូវធ្វើឡើង»។

Griezmann បានលេងការប្រកួតមិត្តភាព១លើករួចជាស្រេចសម្រាប់ក្លិបថ្មីរបស់គេ ពោលគឺក្នុងពេលក្រុមខ្លួនចាញ់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Chelsea ក្នុងប្រទេសជប៉ុន។ លោក Tebas បានបញ្ជាក់ថា៖ «ក្លិប Atletico បានដាក់ពាក្យបណ្តឹងមួយ និងធ្វើឲ្យយើងស្ថិតក្នុងការពិចារណាថា តើយើងគួរតែបញ្ជូនលិខិតអនុញ្ញាតរបស់ Griezmann ទៅកាន់ក្លិប Barcelona ឬយ៉ាង»។ លោកបានបន្ថែមទៀតថា៖ «យើងកំពុងតែសិក្សាលើករណីនេះ ហើយបញ្ហានេះ នឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ»៕
ប្រភពព័ត៌មាន៖ BBC