ខ្សែប្រយុទ្ធ Neymar នឹងចូលរួមក្នុងដំណើរប្រកួតនាពេលខាងមុខនេះនៅប្រទេសចិន ជាមួយនឹងក្លិប Paris-Saint Germain បើទោះបីអនាគតរបស់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់ ដោយសារតែរូបគេបានបង្ហាញថា គេមិនសប្បាយចិត្តក្នុងការបន្តនៅជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំងនេះ ក៏ដោយ។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិប។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Barcelona មិនបានបង្ហាញខ្លួនក្នុងវគ្គហ្វឹកហាត់មុនបើករដូវកាលរបស់ក្លិប PSG កាលពីថ្ងៃទី៨ ខែកក្កដា ឡើយ ស្របពេលដែលភ្នាក់ងាររបស់គេ បានបញ្ជាក់ថា រូបគេមានការព្រមព្រៀងគ្នាកាលពីមុន ក្នុងការមិនចូលរួមក្នុងការហ្វឹកហាត់។

ក្លិប PSG បានគំរាមលើការចាត់វិធានការឲ្យបានសមរម ប្រឆាំងនឹងកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោករូបនេះ ដែលបាននិយាយថា រូបគេស្ថិតនៅក្នុងប្រទេសប្រេស៊ីល ដើម្បីចូលរួមយុទ្ធនាការកីឡាបាល់ទាត់ម្ខាងមានគ្នា៥នាក់ ដែលរៀបចំឡើងដោយអង្គការសប្បុរសធម៌របស់គេ។ Neymar ដែលបានចូលរួមជាមួយនឹងក្លិប PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៦៤លានដុល្លារអាមេរិក) នោះ បានវិលទៅចូលរួមជាមួយនឹងក្លិបបស់ខ្លួនវិញ ក្នុងរយៈពេល១សប្តាហ៍ក្រោយ កាលពីថ្ងៃទី១៥ ខែកក្កដា។

រូបគេមិនបានជួយកសាងទំនាក់ទំនងដែលបែកបាក់ឡើងវិញឡើយ តាមរយៈការបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ដែលរូបគេមានការចងចាំបំផុត គឺការផ្តួលក្រុម PSG នៅពេលដែលរូបគេបានលេងឲ្យក្រុម Barcelona។ ត្រឹមតែប៉ុន្មានថ្ងៃមុនរូបគេវិលទៅកាន់ក្លិប PSG រូបគេបានប្រាប់ថា ការចងចាំលើការលេងដ៏ល្អបំផុតក្នុងកីឡាបាល់ទាត់របស់គេ គឺក្នុងឆ្នាំ២០១៧ ដែលនៅពេលនោះ ក្រុម Barcelona បានផ្តួលក្រុម PSG ៦-១ ក្នុងជើងទី២នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ដើម្បីលុបចោលការដេញតាមពីក្រោយ ៤-០ ក្នុងជើងទី១៕
ប្រភពព័ត៌មាន៖ Channel News Asia