ក្លិបសារិកាព្រៃ Newcastle United បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធប្រេស៊ីល Joelinton ពីក្លិប Hoffenheim។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃអង្គារ ក្នុងការផ្ទេរដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ កីឡាករវ័យ២២ឆ្នាំរូបនេះ នឹងពាក់អាវលេខ៩របស់ក្លិប Newcastle ក្រោយពីបានយល់ព្រមលើកិច្ចសន្យារយៈពេល៦ឆ្នាំ ក្នុងការផ្ទេរដែលមានតម្លៃខ្លួនដល់ទៅ៤៥លានអឺរ៉ូ (ស្មើនឹង៥០លានដុល្លារអាមេរិក)។

កីឡាករ Joelinton Cassio Apolinario de Lira បានចាប់ផ្តើមអាជីពកីឡាបាល់ទាត់របស់គេជាមួយនឹងក្លិប Sport Recife របស់ប្រេស៊ីល នៅមុនពេលចូលរួមជាមួយនឹងក្លិប Hoffenheim របស់ក្របខ័ណ្ឌ Bundesliga។

រូបគេបានលេងក្នុងនាមជាកីឡាករកម្ចីឲ្យក្លិប Rapid Vienna របស់អូទ្រីស អស់រយៈពេល២រដូវកាល មុននឹងវិលទៅកាន់ក្លិប Hoffenheim វិញ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី៧គ្រាប់ក្នុងការប្រកួត២៦លើកកាលពីដូវកាលមុន ក្នុងក្របខ័ណ្ឌ Bundesliga ក៏ដូចជារកបាន៣គ្រាប់ក្នុងពាន German Cup ផងដែរ។ Joelinton បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Newcastle កាលពីថ្ងៃអង្គារថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ។

ខ្ញុំដឹងថា វាជាការបណ្តាក់ទុនដ៏ធំមួយដែលក្លិបបានធ្វើមកលើខ្ញុំ ហេតុនេះ ខ្ញុំមានការទទួលខុសត្រូវដ៏ធំមួយ។ ខ្ញុំពិតជាមានការលើកទឹកចិត្តខ្ពស់ និងសង្ឃឹមថា អាចតបស្នងវិញនៅលើទីលាន»។ លោក Steve Bruce គ្រូបង្វឹកថ្មីរបស់ក្លិប Newcastle បានបញ្ជាក់ថា ក្លិបនេះ ពិតជារីករាយណាស់ក្នុងការទទួលបានកីឡាករវ័យក្មេងដ៏ឆ្នើមម្នាក់៕
ប្រភពព័ត៌មាន៖ Channel News Asia