ក្រុមបឹងកេត និងអង្គរថាយហ្គឺរ បានដឹកដៃគ្នា បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ (ថ្នាក់ជាតិ) ឆ្នាំ២០១៩ បានមុនគេ បន្ទាប់ពីក្រុមទាំង២នេះ បានទម្លាក់ក្រុមខេត្តសៀមរាប និងអគ្គិសនីកម្ពុជា ក្នុងការប្រកួតកាត់សេចក្តីជើងទី២ កាលពីថ្ងៃពុធ។

សម្រាប់ការប្រកួត នៅកីឡដ្ឋានខេមបុឌាអ៊ែវ៉ែ ដែលទើបបើកសម្ពោធឲ្យប្រើប្រាស់ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញនេះ ក្រុមបឹងកេត បានប្រាក់កីឡាករសំខាន់របស់ខ្លួនតែម្នាក់ប៉ុណ្ណោះ គឺ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្នុងការចូលលេងជាមួយកីឡាករវ័យក្មេង និងកីឡាករ ដែលស្ថិតក្នុងជម្រើសទី២ នៃការប្រកួតលីកកំពូលកម្ពុជា។

យ៉ាងណាក៏ដោយ បឹងកេត នៅតែអាចយកឈ្នះក្រុមខេត្តសៀមរាប ៣-០ ដែលរកបានដោយខ្សែបម្រើ ម៉ុន វ៉ាន់ដា នៅនាទីទី៥ ខ្សែប្រយុទ្ធ ជា វេសលី នៅនាទីទី៧ និង ចាន់ វឌ្ឍនាកា នៅនាទីទី១៤ ហើយការបន្តឈ្នះ ៣-០ បន្ថែមទៅលើការឈ្នះ ៦-០ កាលពីជើងទី១ នៅក្រៅទឹកដី បានជួយឲ្យក្រុមបឹងកេត ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយមិនសូវពិបាកឡើយ។

ផ្ទុយពីនេះ ការប្រកួតកាត់សេចក្តីរវាងក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និងក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តសៀមរាប កាលពីល្ងាចថ្ងៃពុធនោះដែរ គឺពិតជាមានភាពតានតឹងខ្លាំង ខណៈក្រុមទាំង២នេះ សុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីឡើងទៅវគ្គបន្ត ខណៈការប្រកួតជើងទី១ ពួកគេបានស្មើគ្នា ០-០ នោះ។

នៅក្នុងការប្រកួតនេះ ក្រុមអង្គរថាយហ្គឺរ រកបាន២គ្រាប់មុខមុន ដែលរកបានដោយខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ នៅនាទីទី១៣ និង ស៊ឹង ណារិទ្ធិ នៅនាទីទី២០ ប៉ុន្តែត្រូវបានក្រុមអគ្គិសនីកម្ពុជា វាយបកតាមស្មើ ២-២ វិញ នៅត្រឹមនាទីទី៥៨ ដែលជាការគ្រាប់បាល់របស់ ស៊ាន ភីសា នៅនាទីទី៣៩ និងការស៊ុតបាល់ពិន័យបានសម្រេចរបស់ខ្សែការពារ ឈឿង វិស៊ីនុ។

ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រ ផ្តល់ការទុកចិត្តទៅលើក្រុមអង្គិសនីកម្ពុជា វិញ ព្រោះគ្រូបង្វឹកជើងចាស់ លោក ប្រាក់ វុទ្ធី បានប្រាប់មុនការប្រកួតនេះ ក្រុមរបស់លោក នឹងទទួលបានជ័យជម្នះ ដោយសារលើកនេះ អគ្គិសនីកម្ពុជា មានប្រៀបទៅលើផ្នែកកម្លាំង និងឆន្ទៈនៃការប្រកួត ជាងក្រុមអង្គរថាយហ្គឺរ។

ប៉ុន្តែរឿងដ៏អស់សង្ឃឹម បែរជាបានកើតមានឡើងចំពោះក្រុមអគ្គិសនីកម្ពុជា នៅពេលខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ បានរកឃើញគ្រាប់បាល់ទី២របស់គេ និងជាគ្រប់បាល់ជ័យជម្នះរបស់ក្រុមអង្គរថាយហ្គឺរ នៅនាទីទី៨៩នោះ ហើយគ្រាប់បាល់ពិឃាតចុងក្រោយនេះ បានធ្វើឲ្យក្រុមអគ្គិសនីកម្ពុជា ធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ដ៏គួរសោកស្តាយបំផុត រីឯក្រុមអង្គរថាយហ្គឺរ ត្រូវឡើងទៅអង្គរចាំ នៅវគ្គ៨ក្រុមចុងក្រោយជាមួយក្រុមបឹងកេត៕