PSG នឹងចាត់វិធានការលើករណីខ្សែប្រយុទ្ធ Neymar បន្ទាប់ពីរូបគេខកខានក្នុងការវិលត្រឡប់មកហ្វឹកហាត់ទាន់ពេលជាមួយមិត្តរួមក្រុម និងកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មចំពោះការខកខានមិនបានរាយការណ៍ពីការយឺតយ៉ាវនេះ ដែលខុសពីការព្រមព្រៀង តាមពេលវេលាដែលក្លឹបបានកំនត់គឺនៅថ្ងៃទី៨ កក្កដា ២០១៩ ដូចតាមការព្រៀងទុកនោះទេ។

ជាការឆ្លើយតបវិញភ្លាមៗ ឪពុករបស់កីឡាករអន្តរជាតិប្រេស៊ីល Neymar លោក Neymar Sr បានធ្វើការឆ្លើយតបទៅនឹងក្លឹប Paris Saint-Germain វិញថាៈ កូនប្រុសខ្ញុំ Neymar មានភារកិច្ចដែលមិនអាចខកខានបាន គឺការប្រារព្ធព្រឹត្តិការណ៍ពាណិជ្ជកម្មជាមួយនិងស្ថាប័ន ដែលមានឈ្មោះថាជាវិទ្យាស្ថាន Neymar បានដំណើរការ លើគម្រោងស្វែងរកមូលនិធិរយៈពេល ៥ឆ្នាំមកហើយ។

ក្រុម PSG មានវត្តមានម្ចាស់ក្លឹបគឺលោក Nasser បានចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តការណ៍នេះផងដែរ។ ដូច្នេះខ្ញុំមិនយល់ពីមូលហេតុនោះទេ។ ពិតណាស់ខ្ញុំអន់ចិត្ត ពីព្រោះ PSG ដឹងពីស្ថានភាពរបស់យើងហើយ តែនៅតែចេញសេចក្តីថ្លែងការដូច្នេះទៀត។

Neymar ដែលបច្ចុប្បន្នកំពុងស្ថិតនៅជាមួយក្រុមគ្រួសាររបស់គាត់នៅ Mangaratibia និងត្រូវវិលត្រលប់ទៅបារាំងវិញនៅថ្ងៃដែលបានគ្រោងប្រសិនគ្មានការប្រែប្រួលគឺទី១៥ កក្កដា ២០១៩ខាងមុខនេះ៕