លោកគ្រូបង្វឹក Jose Mourinho បាន​ច្រាន​ចោល​ឱកាស​ដើម្បី​​ទៅ​ដឹកនាំ​ក្លឹប Guangzhou Evergrande ដោយ​ហេតុផល​គ្រួសារ​​ ទោះបីជា​ក្លឹប​ចិន​ហ៊ាន​ផ្តល់​លុយ​ច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណា​ក៏​ដោយ។ នេះ​បើ​តាម The Guardian។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បាត់បង់​ការងារ​ចាប់​តាំង​ពី Manchester United ​បណ្តេញ​ចេញ​ពី​ក្លឹប​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ។ នៅ​ទឹកដី Old Trafford លោក​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ប្រមាណ ១៥ លាន​ផោន (១៨,៨ លាន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ។

​​The Guardian បាន​រាយការណ៍​ថា​បើ Mourinho យល់​ព្រម​ទៅ​ដឹកនាំ​​នៅ​ចិន នោះ​​ក្លឹប​​​​កំពូល​លុយ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាវចូវ​នឹង​ហ៊ាន​ឲ្យ​លើស​​ប្រាក់បៀវត្សរ៍​នៅ​ Man Utd ឆ្ងាយ។ ប៉ុន្តែ​ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​​ចំនួន​ទឹកប្រាក់​ជាក់លាក់​នោះ​ទេ។

អតីត​គ្រូ​បង្វឹក Porto, Chelsea, Inter Milan, Real Madrid និង Man Utd បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជាង​២០ រួម​មាន៖ Champions League ២​លើក Premier League ៣​លើក Serie A ២​លើក និង ពាន​រង្វាន់​ជា​ច្រើន​ទៀត​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​៤​ផ្សេង​គ្នា៕