ក្រុមភ្នំពេញក្រោន បានសម្រេចនាំចូលកីឡាករបរទេស៣នាក់ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន នៅក្នុងការប្រកួតជើងទី២ លីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ហើយភ្នំពេញក្រោន នឹងត្រូវប្រើទម្រង់លេងថ្មី ដើម្បីប្រកួតមុនគេជាមួយក្រុមបឹងកេត ដែលពួកគេបានចាញ់ ៣-២ កាលពីជើងទី១។

គេនៅមិនទាន់ដឹងថា ខ្សែប្រយុទ្ធទាំង៣មាន Booyen Shane ដែលទើបចេញពីក្រុមប៉ូលិស Dzarma Bata ដែលទើបចេញពីក្រុមក្រសួងការពារជាតិ (ទ័ព) និងខ្សែបម្រើប្រយុទ្ធជនជាតិអាហ្វហ្គានីស្ថាន Mustafa Zazai ដែលទើបបានមករួមរស់ជាមួយក្រុមភ្នំពេញក្រោន នឹងអាចជួយ ភ្នំពេញក្រោន ដើម្បីសងសឹងទៅលើក្រុមបឹងកេត បាន ឬយ៉ាងណានោះទេ?

អតីតខ្សែប្រយុទ្ធឆ្នើម កែវ សុខង៉ន ដែលជាអ្នកចាត់ការទៅទៅក្រុមភ្នំពេញក្រោន បាននិយាយថា៖«រៀងរាល់ឆ្នាំ ក្រុមភ្នំពេញក្រោន តែងតែខ្វះប្រយុទ្ធជួរមុខ ប៉ុន្តែដោយសារយើងទើបយកបាន Booyen Shane មកវិញ រួមទាំង Dzarma Bata និង Mustafa Zazai អ៊ីចឹងសូមចាំមើលទាំងគ្នា ថាជុំទី២នេះ យើងអាចទទួលបានលទ្ធផលល្អ ឬយ៉ាងណា ហើយត្រៀមពួកខ្ញុំ បានត្រៀមរួចរាល់១០០ភាគរយ ក្នុងការដណ្តើមយកតំបន់ To4»។

តាមរយៈការប្រកួតជើងទី១ កន្លងមកនេះ ក្រុមភ្នំពេញក្រោន កំពុងឈរនៅលេខ៦ មាន២៤ពិន្ទុ ខណៈបឹងកេត ឈរនៅលេខ៤ មាន២៦ពិន្ទុ ក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ដែលមាន៣៣ពិន្ទុ ក្រុមលេខ២ ណាហ្គាវើល មាន២៨ពិន្ទុ និងក្រុមលេខ៣ អង្គរថាយហ្គឺរ មាន២៧ពិន្ទុ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជើងទី២នេះ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នឹងត្រូវវិលមកជួយក្រុមបឹងកេត ជាថ្មី ហើយលោក ហៅ សុជាតិ ជាគ្រូបង្វឹក បានអះអាងថា រូបគេ បានត្រឹមខ្លួនរួចរាល់បាន១០០ភាគរយហើយ។

ជាមួយគ្នានេះកីឡាករជប៉ុន Keta Yamazaki ដែលទើបចុះកុងត្រាមជាមួយ ក្លិបបឹងកេត ជំនួសខ្សែប្រយុទ្ធអេស្ប៉ាញ Carrascosa Munoz Angel នោះ ក៏កំពុងអន្ទះសារចង់បង្ហាញសមត្ថភាពរបស់គេជាមួយការលេងនឹង ចាន់ វឌ្ឍនាកា ផងដែរ ដោយរូបគេបានបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍រីករាយ ដែលបានលេងជាមួយ ចាន់ វឌ្ឍនាកា ព្រោះរូបគេក៏ធ្លាប់បានទៅលេងនៅជប៉ុនដែរ»។
សម្រាប់ការប្រកួតជើងទី២នេះដែរ ក្រុមស្វាយរៀង ក្រុមអង្គរថាយហ្គឺរ នឹងត្រូវស្វាគមន៍ក្រុមទ័ព វិញម្តង ខណៈជើងទី១ ក្រុមទាំង២បានស្មើគ្នា ១-១ ហើយក្រុមខេត្តកំពង់ចាម ត្រូវវិលទៅសងសឹកក្រុមខេត្តកំពង់ចាម ដែលពួកគេបានចាញ់ ១-០ កាលជើងទី១ ខណៈក្រុមយុវជនបាទី១៨ឆ្នាំ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ដែលពួកគេ ធ្លាប់បានចាញ់ ៤-១។

ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវស្វាគមន៍ក្រុមកំពូលតារាង ស្វាយរៀង ដែលពួកគេបានចាញ់ ២-០ កាលជើងទី១ ហើយ សូលទីឡូអង្គរ ត្រូវស្វាគមន៍ វិសាខា ដែលពួកគេធ្លាប់បានស្មើ ០-០ ផងដែរ ខណៈ ណាហ្គាវើល ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ដែលពួកគេធ្លាប់បានឈ្នះ ១-០ កាលជើងទី១៕