លោក Frank Lampard បានស្ថិតនៅកីឡដ្ឋាន Stamford Bridge កាលពីរាត្រីថ្ងៃពុធ ដើម្បីបំពេញការវិលត្រឡប់ជាផ្លូវការរបស់លោកទៅកាន Chelsea ខណៈដែលក្លិបនេះ នឹងត្រូវប្រកាសពីការតែងតាំងអតីតអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ពួកគេ ដើម្បីជំនួសកន្លែងរបស់លោក Maurizio Sarri ក្នុងនាមជាគ្រូបង្វឹកបង្គោល នៅត្រឹមថ្ងៃព្រហស្បតិ៍ នេះ។

អតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានគេឃើញបានធ្វើដំណើរទៅដល់កីឡដ្ឋាន Stamford Bridge ដែលជាកន្លែងរូបលោកបានចំណាយពេលអស់១៣ឆ្នាំ ក្នុងនាមជាកីឡាករម្នាក់ នៅមុនពេលចុះហត្ថលេខារយៈពេល៣ឆ្នាំ ដែលផ្តល់ចំណូលប្រមាណជា៤លានផោន (ស្មើនឹង៥លានដុល្លារអាមេរិក) ក្នុង១រដូវកាល ហើយនិងត្រូវផ្តល់សម្ភាសដល់ក្រុមបណ្តាញសារព័ត៌មាន ដើម្បីប្រកាសពីការតែងតាំងរបស់លោក។

ក្លិប Derby County ដែលលោកបានដឹកនាំឲ្យពួកគេឈានទៅប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ក្នុងរដូវកាលទី១របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅនោះ ត្រូវបានរំពឹងទុកថា នឹងទទួលបានប្រាក់សំណងច្រើនជាង៤លានផោន សម្រាប់អ្នកចាត់ការទូទៅរបស់ខ្លួន ដែលនឹងនាំយកលោក Jody Morris ធ្វើជាជំនួយការគ្រូបង្វឹក និងលោក Chris Jones ជាគ្រូបង្វឹកផ្នែកកាយសម្បទា។

ក្លិប Chelsea ដែលបានបាត់បង់លោក Sarri ដោយសារតែលោកត្រូវទៅដឹកនាំក្លិប Juventus កាលពីខែមុន ក្រោយពីជួបឆ្នាំដ៏លំបាកក្នុងនាមជាគ្រូបង្វឹកនោះ បានទទួលការអនុញ្ញាតឲ្យបើកកិច្ចពិភាក្សាជាមួយនឹងលោក Lampard ដើម្បីបំពេញការនាំយកគ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ៕