ក្លិប Atletico Madrid កាលពីថ្ងៃពុធ បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Joao Felix ពីក្លិប Benfica ក្នុងតម្លៃខ្លួន១២៦លានអឺរ៉ូ (ស្មើនឹង១៤២លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២។

តម្លៃខ្លួននេះ គឺជាតម្លៃខ្លួនជាកំណត់ត្រាសម្រាប់ក្លិបរបស់ព័រទុយហ្គាល់មួយនេះ និងសម្លាប់ក្លិប Atletico Madrid ក៏ដូចជាធ្វើឲ្យកីឡាករវ័យក្មេងរូបនេះ ក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតទាំង៥នាក់ ក្នុងប្រវត្តិសាស្ត្រ។ ក្លិប Atletico បានបង្ហោះវីដេអូរបស់កីឡាកររូបនេះ លើបណ្តាញសង្គម Twitter ក្នុងពេលរូបគេស្ថិតក្នុងទីក្រុងម៉ាឌ្រីដ និងកំពុងមើលគំនូរជាច្រើននៅឯវិចិត្រសាល Prado មុនពេលរូបគេបែរមកមើលកាមេរ៉ា និងញញឹមដោយមានការសរសេចំណងជើងថា «ស្វាគមន៍ Joao Felix ដែលមានទេពកោសល្យដ៏ពិតប្រាកដ»។

Felix បានចុះហត្ថលេខារយៈពេល៧ឆ្នាំជាមួយនឹងក្លិប Atletico។ រូបគេគឺជាអ្នកចូលជំនួសកន្លែងរបស់ Antoine Griezmann ដែលបានស៊ុតបាល់បញ្ចូលទី១៣៣គ្រាប់ក្នុងរយៈពេល៥រដូវកាលនៅឯក្លិបនេះ។ ក្លិប Atletico បានបញ្ជាក់រួចជាស្រេចថា ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ នឹងចាកចេញ។ រូបគេត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Barcelona នៅពេលដែលទឹកប្រាក់រំលាយកិច្ចសន្យារបស់គេដែលមានចំនួន១២០លានអឺរ៉ូ ត្រូវបានទូទាត់។

ការចុះហត្ថលេខាជាមួយនឹង Felix បានកើតឡើងក្នុងថ្ងៃដ៏មមាញឹកសម្រាប់ Atletico។ កាលពីថ្ងៃពុធដដែលនោះ ក្លិបនេះ បានប្រកាសពីការនាំយកខ្សែបម្រើអន្តរជាតិម៉ិកស៊ិក Hector Herrera ពីក្លិប Porto ស្របពេលដែលខ្សែបម្រើម្នាក់ទៀតគឺ Rodrigo Hernandez បានចាកចេញពី Atletico ទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួន៧០លានអឺរ៉ូ៕
ប្រភពព័ត៌មាន៖ Channel News Asia