បាល់ទាត់៖ ​ក្តី​សង្ឃឹម​របស់​ក្រុម​​ស្ត្រី​អង់គ្លេស​ចង់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​បាល់ទាត់​ស្ត្រី​ជើងឯក​ពិភព​លោក FIFA Women’s World Cup បាន​រលាយ​សាបសូន្យ ​ក្រោម​ថ្វី​ជើង​ក្រុម​ការពារ​ជើងឯក​អាមេរិក ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដ៏​ជក់ចិត្ត​។

​​កីឡា​ការិនី​អាមេរិក Christian Press តែ​ត​បញ្ចូល​ទី​នាំមុខ​ឲ្យ​អាមេរិក​មុន​តាំងពី​នាទី​ទី10 មុន​ពេល​ដែល​អង់​គ្លេស​តាម​ស្មើ​វិញ​មិន​យូរ​ដែរ​នៅ​នាទី​ទី19 Ellen White​។ ​មិនទាន់​អស់​នៅ​ឡើង​គ្រាប់​បាល់​ 1​គ្រាប់​ទៀត​កើត​ឡើង​នៅ​ពេល Alex Morgan តែ​ត​បញ្ចូល​ទី​នាំមុខ​សាជាថ្មីឲ្យអាមេរិក​នាំមុខ 2-1 នៅ​នាទី​ទី31​។ ​ក្រុម​ទាំងពីរ​រក្សា​ទី​រៀងខ្លួន​មិន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​បាន​ឡើយ តែ​រឿង​ចម្រូងចម្រាស​កើតឡើង​នៅ​ពេល​ជិត​ចប់ ខណៈ​អង់គ្លេស​មាន​ឱកាស​នៅមុខ​ទី​ តែ​ត្រូវ​បាន​រំខាន​ដោយ​ខ្សែ​ការពារ​អាមេរិក អាជ្ញាកណ្ដាល​មិន​ពិន័យ​តែ VAR ឆែក​ឃើញ​ក៏​ផ្ដល់​បាល់​ពិន័យ 11ម៉ែត្រ​ឲ្យ​​អង់គ្លេស​។

​​តែ​សោកស្ដាយ​សំរាប់​អង់គ្លេស កីឡា​ការិនី Steph Houghton ធ្វើ​មិនបាន​សំរេច​ដោយ​បាល់ 11ម៉ែត្រ​សង្គ្រោះ​បាន​ដោយ​អ្នកចាំទី​អាមេរិក​។ ​ចប់​ការប្រកួតអាមេរិក​យកឈ្នះ​អង់គ្លេស 2-1 ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ 3លើក​ផ្ទួនៗ រង់ចាំ​ជួប​ជាមួយ​ស៊ុយអែត​ រឺ​ហូ​ឡង់​ដែល​ជួប​គ្នា​យប់​នេះ​៕