ក្លិបបាល់ទាត់វិសាខា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោល លោក ហុក សុជីវ័ន ត្រឹមពាក់កណ្តាលផ្លូវ គឺត្រឹមការបញ្ចប់ជើងទី១ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ហើយបានសម្រេចតែងតាំងលោក Tunji Ayoyinka Akeeb ជាគ្រូបង្វឹកបណ្តោះអាសន្ន។

ការសម្រេចតែងតាំងគ្រូបង្វឹកថ្មី លោក Akeeb Tunji Ayoyinka និងការបញ្ចប់កុងត្រាជាមួយលោកគ្រូបង្វឹក ហុក សុជីវ័ន នេះត្រូវបានក្លិបវិសាខា ចេញសេចក្តីជូនដំណឹង បង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃពុធនេះ។

តាមសេចក្តីជូនដំណឹង កាលពីព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា៖«ក្លិបបាល់ទាត់ វិសាខា សូមជម្រាបជូនដល់អ្នកគាំទ្រ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបជាដំណឹងថា ក្លិបបានសម្រេចបញ្ចប់កុងត្រាជាមួយលោកគ្រូបង្វឹក ហុក សុជីវ័ន ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ»។

យ៉ាងណាក៏ដោយ ក្លិបវិសាខា ក៏បានអរគុណដល់លោក ហុក សុជីវ័ន ដែលបានប្រឹងប្រែងដឹកនាំក្រុមកន្លងមកផងដែរ ដោយបានបញ្ជាក់ថា៖«ក្លិបបាល់ទាត់ វិសាខា សូមអរគុណលោកគ្រូ ចំពោះការខិតខំប្រឹងប្រែង ក្នុងការដឹកនាំ ការបង្វឹក បង្ហាត់ បង្រៀន ដល់កីឡាករទាំងអស់ ក្នុងក្លិបកន្លងមក និងសូមជូនពរដល់លោកគ្រូ ឲ្យទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងថ្ងៃខាងមុខ»។

គួរបញ្ជាក់លោក ហុក សុជីវ័ន គឺជាគ្រូបង្វឹកដំបូងគេ ដែលបានចូលដឹកនាំក្លិបវិសាខា បន្ទាប់ពីក្លិបមួយនេះ ត្រូវបានបង្កើតឡើង និងបានចូលលេងនៅលីកកំពូលកម្ពុជា នៅឆ្នាំ២០១៨ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយការឈ្នះ១៤ ស្មើ៣ ចាញ់៥ មាន៤៥ពិន្ទុ ខណៈការប្រកួតជើងទី១ ប្រចាំឆ្នាំ២០១៩នេះ វិសាខា កំពុងឈរ នៅលេខ៥ មាន២៥ពិន្ទុ ជាមួយការឈ្នះ៨ ស្មើ១ និងចាញ់៤ដង៕