ក្រុមម្ចាស់ជើងឯក ក្រសួងការពារជាតិ (ទ័ព) មានបង្ហាញពីទំនុកចិត្តយ៉ាងខ្ពស់ថា ពួកគេ នឹងយកឈ្នះក្រុមអាស៊ីអឺរ៉ុប សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ប៉ុន្តែក្រុមគិរីវង់សុខសែនជ័យ ហាក់បារម្ភនៅខ្លាចបទពិសោធលេងបែបចាស់ទុំ របស់ក្រុមណាហ្គាវើល ដែលពួកគេគិតថា មិនអាចមើលរំលងបាន។

នៅក្នុងការប្រកួតជើងទី១នេះ ក្រុមទ័ព នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប នៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ប៉ុន្តែលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមទ័ព ដែលទើបដឹកនាំក្រុមទ័ព យកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ក្នុងការប្រកួតលីកកំពូល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ បានប្រាប់ថា ក្រុមរបស់លោក នឹងកាន់តែងាយយកឈ្នះក្រុមអាស៊ីអឺរ៉ុប សម្រាប់ការប្រកួត ដែលប្រើកីឡាករបរទេសក្នុងស្រុកសុទ្ធបែបនេះ។

លោក ទេព ឡុងរចនា បានប្រាប់ ក្រោយឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ថា៖«យើងជាម្ចាស់ជើងឯកពានសម្តេច កាលពីឆ្នាំ២០១៨ អ៊ីចឹងយើងត្រូវតែឈ្នះក្រុមអាស៊ីអឺរ៉ុបឲ្យបាន ហើយការប្រើប្រាស់កីឡាករខ្មែរសុទ្ធបែបនេះ គឺយើងកាន់តែមានភាគរយខ្ពស់ ក្នុងការយកឈ្នះក្រុមនេះ ព្រោះគុណភាពកីឡាករក្នុងស្រុករបស់យើង ល្អជាងក្រុមអាស៊ីអឺរ៉ុប»។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ប្រាកដថា ក្រុមទ័ព នឹងអាចយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដើម្បីបង្ហាញភាពខ្លាំង សម្រាប់ការប្រកួតបើកឆាករបស់ខ្លួន ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំនេះ ឬយ៉ាងណានោះទេ ព្រោះអាស៊ីអឺរ៉ុប ក៏កំពុងតែត្រៀមលក្ខណៈសម្បត្តិ ទប់ទល់នឹងក្រុមទ័ព ផងដែរ ព្រោះពួកគេ ធ្លាប់ត្រូវបាន ទ័ព ទម្លាក់សម្រាប់ការប្រកួតវគ្គ១៦ក្រុមដូចគ្នានេះ កាលពីឆ្នាំ២០១៨ម្តងហើយ។

ការវិលមកជួបគ្នា របស់ក្រុមទាំង២នេះ ក៏ជាពេលដែលក្រុមអាស៊ីអឺរ៉ុប ត្រូវសងសឹកក្រុមទ័ព ផងដែរ ព្រោះការជួបគ្នា ក្នុងវគ្គ១៦ក្រុមនេះដែរ កាលពីឆ្នាំ២០១៨ ក្រុមអាស៊ីអឺរ៉ុប បានចាញ់ក្រុមទ័ព ៧-១ ក្នុងជើងទី១ និងបានបន្តឈ្នះ ៣-១ នៅជើងទី២ ដែលធ្វើឲ្យពួកគេធ្លាក់ត្រឹមវគ្គនេះតែម្តង ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមរបស់លោក សុក វាសនា អាចនឹងកែប្រវត្តិសាស្រ្តជូរចត់នេះ បានឬ ក៏បន្តចាញ់ទៀតនោះទេ។

ដោយឡែកក្រុមគិរីវង់សុខសែនជ័យ នឹងត្រូវបើកទ្វារកីឡដ្ឋានគិរីវង់សុខសែនជ័យ នៅទីរួមចខេត្តតាកែវរបស់គេ ដើម្បីស្វាគមន៍ក្រុមណាហ្គាវើល ដែលកំពុងតែមានការជឿជាក់ខ្លាំង ក្នុងការទទួលបានជ័យជម្នះ ព្រោះណាហ្គាវើល បានចាត់ទុកការប្រជែងយកពានសម្តេច ហ៊ុន សែន សំខាន់ជាងពានលីកកំពូលទៅទៀត។

ទាក់ទងការប្រកួតនេះ លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់ បានប្រាប់កាលពីថ្ងៃអង្គារថា៖«ណាហ្គាវើល ជាក្រុមខ្លាំង ដែលធ្លាប់ឈ្នះពានកន្លងមក ហើយកីឡាកររបស់គេ ភាគច្រើនជាអតីតកីឡាករជម្រើសជាតិ ដែលមានបទពិសោធលេងច្រើនជាងក្រុមយើង ប៉ុន្តែ មួយរយៈនេះសម្ទះលេងរបស់ក្រុមយើង ក៏មានការកើនឡើងទៅលើបច្ចេកទេសផងដែរ ខណៈការប្រកួតនេះ ក៏ធ្វើនៅលើទឹកដីយើងទៅទៀត អ៊ីចឹងអ្វីដែលសំខាន់ នៅពេលប្រកួតលើទីលាន ទើបដឹងច្បាស់ គឺយើងមិនទាន់ហ៊ានសន្មត់ទៅលើគូប្រកួតរបស់យើងនោះទេ»៕