Neymar បាន​បង្ហាញ​ពី​របួស​​កជើង​របស់​ខ្លួន​ហើម​យ៉ាង​ធំ ធ្វើ​ឲ្យ​គេ​ខកខាន​មិន​អាច​ចូលរួម​លេង​​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ព្រឹត្តិការណ៍ Copa America ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម Instagram បង្ហាញ​ពី​ការ​ហើម​នៅ​តំបន់​កជើង។ កីឡាករ​វ័យ​២៧​ឆ្នាំ​​បាន​ទទួល​រង​របួស​នៅ​​ពាក់​កណ្ដាល​វគ្គ​ទី​មួយ​ ពេល​ដែល​ប្រេស៊ីល​​ឈ្នះ ២-០ ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​កាតារ កាល​ពី​ម្សិលមិញ។

ភ្លាម​ៗ​ Neymar ត្រូវ​​ក្រុម​គ្រូពេទ្យ​នាំ​ចេញ​ពី​ទីលាន​ ព្រោះ​មិន​អាច​លេង​បន្ត។ អង្គុយ​នៅ​កៅអី​បម្រុង​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បាន​យក​ដៃ​ខ្ទប់​មុខ ហើយ​យំ​ និង​ស្អំ​ទឹកកក​លើ​ក​ជើង។ នេះ​គឺ​ជា​ទុក្ខជាន់​ទុក្ខ​មួយ​កម្រិត​របស់ Neymar ព្រោះ​ក្រៅ​ពី​របួស គេ​កំពុង​មាន​បញ្ហា​ជាមួយ​នារី​ម្នាក់​បាន​ចោទ​​ប្រកាន់​រឿង​រំលោភ ដែល​កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស៕