លោក Fernando Santos អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានកោតសរសើរចំពោះភាពឆ្លាតវៃក្នុងកីឡាបាល់ទាត់របស់ Cristiano Ronaldo ក្រោយពីការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង១ប្រកួតជាលើកទី៥៣ នៃអាជីពរបស់គេ បានជួយឲ្យក្រុមព័រទុយហ្គាល់ទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Nations League តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ លើទឹកដីខ្លួនឯងក្នុងទីក្រុង Porto។

ក្រុមម្ចាស់ផ្ទះមួយនេះ ត្រូវតែជម្នះទៅលើភាពចម្រូងចម្រាស់ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដោយសារតែគ្រោយពី Ronaldo បានរកគ្រាប់បាល់បើកឆាកតាមរយៈការស៊ុតបាល់ពិន័យ Free-kick ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានគិតថា ពួកគេមានឱកាសក្នុងការបន្ថែមការនាំមុខរបស់ខ្លួនពីការស៊ុតបាល់ប៉េណាល់ទី។

ប៉ុន្តែ ផ្ទុយទៅវិញ លោកអាជ្ញាកណ្តាលសញ្ជាតិអាល្លឺម៉ង់ Felix Brych មិនបានផ្តល់ឲ្យឡើយ និងបានផ្តល់បាល់ពិន័យប៉េណាល់ទីទៅឲ្យក្រុមស្វ៊ីសវិញ សម្រាប់ការប្រព្រឹត្តកំហុសផ្សេងទៀត ខណៈដែលគ្រាប់បាល់ពីចំណុចពិន័យ១១ម៉ែត្ររបស់ Ricardo Rodriguez ស្ទើរតែបានធ្វើឲ្យការប្រកួតឈានដល់នាទីបន្ថែម១៥នាទី២ដងទៅហើយ។ ទោះបីជាយ៉ាងណា Ronaldo បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗ ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅរយៈពេល២នាទីចុងក្រោយ ដើម្បីជួយឲ្យក្រុមខ្លួនឈានទៅជួបក្រុមអង់គ្លេស ឬហូឡង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ តែម្តង។

លោក Santos បាននិយាយថា៖ «ខ្ញុំបានធ្វើជាគ្រូបង្វឹកតាំងពីឆ្នាំ២០០៣ ហើយខ្ញុំអាចឃើញពីភាពខ្លាំងរបស់គេ។ រូបគេពិតជាមានភាពឆ្លាតវៃ។ មានមនុស្សមានទេពកោសល្យច្រើនក្នុងការគូគំនូរ និងចម្លាក់ ហើយរូបគេជានុស្សទេពក្នុងកីឡាបាល់ទាត់»៕
ប្រភពព័ត៌មាន៖ Channel News Asia