Diego Maradona ជឿជាក់ថា គាត់គឺជាតួអង្គសំខាន់ដែលអាចនាំយកឪកាសល្អៗ ត្រលប់ទៅ Manchester United បើសិនជាក្លឹបអស់ការអត់ធ្មត់ជាមួយ Ole Gunnar Solskjaer មានន័យថារូបលោកប្តេជ្ញាជួយក្រុមម្ចាស់ជើងឯក ១៣សម័យអោយឈ្នះពាន និងល្បីល្បាញឡើងវិញ។ Maradona បច្ចុប្បន្នកំពុងដឹកនាំក្លិប Dorados ក្នុងក្របខណ្ឌលីកទី២ របស់ម៉ិកស៊ិកជឿជាក់ថាគាត់អាចបង្វឹកនិងដឹកនាំក្រុមអោយឈ្នះពានរង្វាន់ផ្សេងៗឡើងវិញបាន ប្រសិនរូបគាត់មានឪកាសចូលមកដឹកនាំនៅទឹកដី Old Trafford។

Maradona នៅក្នុងបទសម្ភាសន៏ជាមួយគេហទំព័រ FourFourTwo ថា គាត់និងធ្វើការកសាងទម្រង់លេងរបស់ក្រុមឡើងវិញ ប៉ុន្តែលក្ខខណ្ឌមួយគឺធ្វើឡើងដោយមិនមានវត្តមានខ្សែបម្រើ Paul Pogba ខណៈដែលរូបលោកយល់ឃើញថាម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះ មិនបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់អោយក្រុមនោះទេនាពេលកន្លងមក។

បុរសមានរហស្សនាមខ្លាកន្តឿដែលបានជួយអាហ្សង់ទីនលើកពាន World Cup កាលពីឆ្នាំ១៩៨៦ បន្តថាៈ ប្រសិន Manchester United ត្រូវការគ្រូបង្វឹកម្នាក់ខ្ញុំជាបុរសម្នាក់អាចនិងទទួលភារកិច្ចរ៉ាប់រងការងារនេះ។ ខ្ញុំដឹងថាពួកគេបានលក់អាវឯកសណ្ឋានក្លឹបទៅបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែពួកគេត្រូវការឈ្នះពានរង្វាន់ផងដែរ។ ខ្ញុំអាចធ្វើវាបានសម្រាប់ពួកគេ។

Pogba អនាគតរបស់គេបានជួបរឿងមិនច្បាស់នៅរដូវក្តៅនេះ ខណៈក្លិប Real Madrid មានចំណាប់អារម្មណ៏ចង់បានខ្សែបម្រើរូបនេះ ខណៈអតីតក្លឹប Juventus ក៏ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពរបស់កីឡាករបារាំងនៅ Old Trafford ផងដែរ។ Maradona មានបទពិសោធន៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនចន្លោះឆ្នាំ ២០០៨-២០១០ អាចនិងប្រឈមកិច្ចការលំបាកមួយចំនួនពិសេសគឺអ្នកគាំទ្រតែម្តង។