ក្លិប Benfica បានបញ្ជាក់ថា ពួកគេកំពុងតែពិចារណាទៅលើសំណើមួយដែលមានទឹកប្រាក់១២៦លានអឺរ៉ូ (ស្មើនឹង១៤៣,៣លានដុល្លារអាមេរិក) ពីក្លិប Atletico Madrid ដើម្បីលក់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Joao Felix។

សំណើនេះ គឺមានចំនួនច្រើនជាងទឹកប្រាក់រំលាយកិច្ចសន្យាចំនួន១២០លានអឺរ៉ូរបស់កីឡាករវ័យ១៩ឆ្នាំរូបនេះទៅទៀត ប៉ុន្តែ ក្លិប Atletico របស់ក្របខ័ណ្ឌ La Liga ចង់ចំណាយប្រាក់ក្នុងចំនួននេះតាមរយៈការបង់រំលស់។

ការផ្ទេររបស់ Felix នឹងក្លាយជាការផ្ទេរមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតទី៥ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្រុមឈុតធំ កាលពីខែសីហា និងបានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ កាលពីរដូវកាលមុន។

Felix ក៏នឹងក្លាយជាកីឡាករវ័យក្មេងមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតទី២ផងដែរ បន្ទាប់ពីក្លិប Paris St-Germain ចំណាយប្រាក់ទៅឲ្យក្លិប Monaco ចំនួន១៨០លានអឺរ៉ូ ដើម្បីទិញយកខ្សែប្រយុទ្ធ Mbappe ក្នុងឆ្នាំ២០១៨។ Benfica បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Atletico Madrid បានដាក់សំណើមួយសម្រាប់ការទិញយក Felix ក្នុងតម្លៃខ្លួន១២៦លានអឺរ៉ូ ខណៈសំណើនេះ កំពុងស្ថិតក្នុងការពិចារណា»។

អតីតយុវជនរបស់ក្លិប Porto រូបនេះ បនបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងយុទ្ធនាការ Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីដើមខែនេះ៕
ប្រភពព័ត៌មាន៖ BBC