ខ្សែប្រយុទ្ធ Neymar កំពុងតែត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកការកាត់ប្រាក់ខែរបស់គេចំនួន១២លានអឺរ៉ូ ដើម្បីចាកចេញពីក្លិប Paris Saint-Germain ក្នុងនាមជាផ្នែកមួយនៃការ «ព្រមព្រៀងដោយផ្ទាល់មាត់» ដែលត្រូវបានឈានដល់រវាងតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ និងក្លិប Barcelona។

នេះបើយោងទៅតាមបណ្តាញសារព័ត៌មានរបស់អេស្ប៉ាញ។ ក្លិប PSG មិនទាន់យល់ព្រមលក់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ខ្លួនឡើយ ខណៈដែលពួកគេបានទិញ Neymar ក្នុងតម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៥២លានដុល្លារអាមេរិក) ពីក្លិប Barca កាលពី២ឆ្នាំមុន។ ប៉ុន្តែ Neymar ត្រូវបានគេរាយការណ៍ មានចិត្តចង់វិលទៅកាន់អេស្ប៉ាញវិញ ហើយក្លិប Barcelona កំពុងតែត្រៀមយករូបគេត្រឡប់ទៅវិញ ខណៈដែលកាសែតអេស្ប៉ាញ Diario Sport បានចេញផ្សាយថា កិច្ចសន្យារយៈពេល៥ឆ្នាំ ត្រូវបានឈានដល់ការព្រមព្រៀងគ្នាហើយ។

កាសែតដដែល បានបញ្ជាក់ថា លក្ខខណ្ឌផ្សេងៗ ក៏រាប់បញ្ចូលទាំងការកាត់ប្រាក់ខែរបស់ Neymar ពី៣៦លានអឺរ៉ូ ដែលរូបគេទទួលបាននៅក្លិប PSG មកនៅត្រឹម២៤លានអឺរ៉ូ ដែលស្មើនឹងចំនួនដែលរូបគេទទួលបានក្នុងក្លិប Barcelona កាលពីឆ្នាំ២០១៧ ស្របពេលដែលរូបគេក៏បោះបង់បណ្តឹងតុលាការមានទឹកប្រាក់២៦លានអឺរ៉ូរបស់គេប្រឆាំងនឹងក្លិប Barcelona ផងដែរ។ Neymar អះអាងថា រូបគេនឹងត្រូវទទួលបានទឹកប្រាក់ឧបត្ថម្ភនោះ នៅមុនពេលចាក់ចេញ។

កាសែតកីឡា Mundo Deportivo បានចេញផ្សាយថា Neymar ក៏នឹងត្រូវតែធ្វើការសុំអភ័យទោសជាសាធារណៈទៅកាន់អ្នកគាំទ្ររបស់ក្លិបនេះផងដែរ សម្រាប់ឥរិយាបថនៃការចាកចេញរបស់គេ៕
ប្រភពព័ត៌មាន៖ Channel News Asia