ក្រុមហ្វុតសាល ដោនថោនស្ពត (Down Town Sport) របស់កម្ពុជា បានត្រឹមបន្សល់ទុកនៅពាក្យថា «សុំទោស» ចំពោះអ្នកគាំទ្ររបស់កម្ពុជា បន្ទាប់ក្រុមមួយនេះ មិនអាចរកបានមេដាយត្រឡប់មកផ្ទះវិញ ពីការប្រកួតពានរង្វាន់ AFF Futsal Championship 2019 នៅប្រទេសថៃនោះ ប៉ុន្តែក្រុមម្ចាស់ផ្ទះ PTT Chonburi Bluewave បានបង្ហាញការលេងកាន់តែល្អប្រសើរ ដើម្បីលើកពាននេះ យ៉ាងសប្បាយរីករាយបំផុត។

បើទោះបីជា ក្រុមដោនថោនស្ពត បានយកឈ្នះក្រុម Melaka United របស់ម៉ាឡេស៊ី ៥-៤ ក្នុងវគ្គជម្រុះក្នុងពូលB ដើម្បីឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF Futsal Championship ជាប្រវត្តិសាស្រ្ត ប៉ុន្តែក្រុមតំណាងឲ្យកម្ពុជា មួយនេះបានចាញ់ក្រុមលេខ១ពូលA PTT Chonburi Bluewave រហូតដល់ ១៧-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកក្រុម MIU FC របស់មីយ៉ាន់ម៉ា ដែលទទួលបានលេខ១ប្រចាំពូលB ដោយឈ្នះទាំង២ប្រកួតនោះ ក៏បានចាញ់ក្រុមលេខ២ពូលA Sanvinest Sanatech Khanh Hao របស់វៀតណាម ៦-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះផងដែរ ហើយកលទ្ធផលនេះ បានធ្វើឲ្យក្រុមដោនថោនស្ពត និង Sanvinest Sanatech Khanh Hao បានវិលមកជួបគ្នាជាថ្មី ក្នុងការប្រកួតដណ្តើមយកលេខ៣ និងលេខ៤។

តាមរយៈការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុមដោនថោនស្ពត បានបន្តទៅចាញ់ក្រុម MIU FC ៩-៥ ជាថ្មីម្តងទៀត គឺបន្ថែមទៅលើការចាញ់ ៩-៣ កាលប្រកួតដណ្តើមយកលេខ១ និងលេខ២ប្រចាំពូលB ដែលលទ្ធផលនេះបានធ្វើឲ្យ ដោនថោនស្ពត បានត្រឹមលេខ៤ប៉ុណ្ណោះ។

ការបន្តចាញ់ក្រុម MIU FC ៩-៥ នេះ បានធ្វើឲ្យសមាជិកក្រុមដោនថោនស្ពត មានការសោកស្តាយខ្លាំង និងបានបង្ហោះសារបែបសុំទោស នៅលើផេចហ្វេសប៊ុករបស់ខ្លួន មុនពេលត្រឡបើមកផ្ទះវិញ នៅថ្ងៃចន្ទនេះថា៖ «សុំទោសចំពោះលទ្ធផលមិនល្អបែបនេះ។ ភារកិច្ចរបស់ពួកយើងចប់ហើយ»។

ដោយឡែក ក្រុមម្ចាស់ផ្ទះថៃ PTT Chonburi Bluewave បានបន្តយកឈ្នះក្រុម Sanvinest Sanatech Khanh Hao ៩-១ នៅវគ្គផ្តាច់ព្រ័ត្រ គឺបន្ថែមទៅលើការឈ្នះ ៨-២ កាលជួបគ្នាក្នុងពូលA ហើយជ័យជម្នះនេះ បានជួយឲ្យពួកគេបានលើកពាន ប្រចាំឆ្នាំ២០១៩នេះ យ៉ាងសប្បាយរីករាយបំផុត ជាមួយអ្នកគាំទ្រ និងថ្នាក់ដឹកនាំរបស់ពួកគេ ខណៈ Sanvinest Sanatech Khanh Hao បានលេខ២ ហើយ MIU FC បានលេខ៣៕