ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងចាប់ផ្តើមទាំងក្លែវក្លា ក្នុងព្រឹត្តិការណ៍ Copa America ក្រោយពីបានគេចផុតពីភាពអាម៉ាសតាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិកាតា ដើម្បីជួយឲ្យពួកគេឈានទៅវគ្គ៨ក្រុមចុងក្រោយ។ នេះបើយោងទៅតាមការបញ្ជាក់របស់តារាឆ្នើម Lionel Messi។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លិប Barcelona និងខ្សែប្រយុទ្ធ Sergio Aguero គ្រប់គ្រាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងផុតបាតតារាងនៃពូល B ដើម្បីបញ្ចប់ដោយការឈរលេខ២ និងឈានទៅ ជួបក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក្នុងវគ្គ៨ក្រុមចុងក្រោយ នាកីឡដ្ឋាន Maracana ក្នុងទីក្រុង Rio នៅរាត្រីថ្ងៃសុក្រ។

Messi ដែលឈានចូលវ័យ៣២ឆ្នាំនៅថ្ងៃចន្ទនេះ បាននិយាយថា៖ «រឿងដ៏សំខាន់បំផុតនោះគឺការឈ្នះ ដើម្បីរក្សាការបន្តនៅក្នុង Copa និងឈានទៅវគ្គបន្ត។ នេះនឹងក្លាយជាការជឿជាក់ដ៏សំខាន់មួយសម្រាប់ការប្រកួតនាពេលខាងមុខ ហើយ Copa មួយផ្សេងទៀត នឹងចាប់ផ្តើមនៅពេលនេះ។ ជ័យជម្នះនេះ ប្រាកដជាបានផ្តល់នូវភាពខ្លាំងដល់យើង និងធ្វើឲ្យយើងអភិវឌ្ឍក្នុងនាមជាក្រុមមួយ»។

ការបង្ហាញពីទម្រង់លេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន មិនបានស្ថិតក្នុងកម្រិតដ៏ល្អឡើយ ប៉ុន្តែ ពួកគេបានបង្ហាញភាពខ្លាំងគ្រប់គ្រាន់ក្នុងផ្តួលក្រុមជម្រើសជាតិកាតា ដែលបានរបូតគ្រាប់បាល់នៅដើមតង់ ក្រោយពីលេងបាន៤នាទី នៅពេលដែលកីឡាករ Bassam Hicham បានប្រព្រឹត្តកំហុសដោយបញ្ជូនបាល់ទៅឲ្យ Martinez នៅពីមុខទី៕
ប្រភពព័ត៌មាន៖ Channel News Asia