ក្លិប Paris St Germain កំពុងតែត្រៀមលក្ខខណៈក្នុងការលក់ខ្សែប្រយុទ្ធ Neymar ក្រោយពីប្រធានក្លិបលោក Nasser Al-Khelaifi បានព្រមានថា ការបញ្ចេញឥរិយាបថមិនសមរម្យពីសំណាក់កីឡាករឆ្នើមៗ នឹងមិនត្រូវលើកលែងឲ្យទៀតឡើយ។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានបារាំង។

តារាឆ្នើមអន្តរជាតិប្រេស៊ីល បានចូលរួមជាមួយនឹងក្រុម Paris St Germain របស់ក្របខ័ណ្ឌ Ligue 1 ពីក្លិប Barcelona សម្រាប់តម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៤៩លានដុល្លារអាមេរិក) កាលពីខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានអវត្តមានក្នុងរយៈពេលដ៏យូរសម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩ ដោយសារតែបញ្ហារបួស និងការជាប់ពិន័យព្យួរ ហើយរូបគេបានធ្វើការបង្ហាញខ្លួនត្រឹមតែ ១៧លើកគត់ ដោយស៊ុតបាល់បញ្ចូលទី១៥គ្រាប់។

ក្លិប PSG នឹងពិចារណាទៅលើការលក់កីឡាករវ័យ ២៧ឆ្នាំរូបនេះ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករខាងមុខនេះ ប្រសិនបើពួកគេទទួលបនសំណើដ៏ស័ក្តិសមមួយ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត L’Equipe កាលពីថ្ងៃអាទិត្យ។ លោក Al-Khelaïfi បានប្រាប់ឲ្យដឹងក្នុងកិច្ចសម្ភាសមួយដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារ ថា៖ «កីឡាករត្រូវតែគិតថា ការទទួលខុសត្រូវរបស់ពួកគេ សំខាន់ជាង។

វាត្រូវតែមានភាពខុសគ្នាទាំងស្រុង ពួកគេនឹងត្រូវតែផ្តោតលើការងារឲ្យបានច្រើន។ ពួកគេមិនមែនមកទីនេះដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ហើយប្រសិនបើពួកគេមិនយល់ស្របធ្វើតាមទេនោះ ទ្វារបើកចំហរឲ្យចាកចេញ។ ខ្ញុំមិនចង់មានឥរិយាបថបែបជាតារាល្បីទៀតឡើយ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំបានដឹងថា ការផ្លាស់ប្តូរពិតជាសំខាន់ណាស បើមិនអ៊ីចឹងទេ យើងនឹងមិនមានកន្លែងដែលត្រូវទៅឡើយ»។ បើទោះបីលោកមិនបានបញ្ជាក់ឈ្មោះកីឡាកររូបណាក៏ដោយ ប៉ុន្តែ វាហាក់ដូចជាការសំដៅទៅលើតារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar៕