ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool បាន​ធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជំរើស​ជាតិ​អេ​ហ្ស៊ី​ប ខណៈ​កំពុង​ត្រៀមខ្លួន​ប្រកួត​ពានរង្វាន់ ​បាល់ទាត់​ជើងឯក​ទ្វីប​អាហ្វ្រិក African Cup of Nations​។

​​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​ត្រលប់​មកដល់​ទឹកដី​អេ​ហ្ស៊ី​ប​វិញ ​ជាមួយ​សេចក្ដី​រីករាយ​ជូន​អ្នកគាំទ្រ​នៅ​អេ​ហ្ស៊ី​ប​ផង​ដែរ បន្ទាប់ពី​ទើប​ជួយ Liverpool លើក​ពាន UEFA Champions League​។​ ​Salah គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំមុខ​មួយ​គ្រា​ប់​ឲ្យ Liverpool ក្នុង​ជ័យជំនះ 2-0 លើ Tottenham Hotspur វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ដើមខែ​។ ​

ក្រុម​បាល់ទាត់​ជំរើស​ជាតិ​អេ​ហ្ស៊ី​ប​នឹង​ត្រូវ​ ជួប​ជាមួយ​តង់​ហ្សា​នី​ថ្ងៃ​ព្រហស្បតិ៍​នេះ​លក្ខណៈ​មិត្តភាព មុន​ពេល​ជួប​ជាមួយ​ហ្គី​ណេ​បី​ថ្ងៃ​បន្ទាប់​។​ ​African Cup of Nations នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​21 ខែ​មិថុនា​នេះ​ ដោយ​អេ​ហ្ស៊ី​ប​នឹង​បើកឆាក​ជួប​ជាមួយហ្ស៊ិ​ម​បាប​វ៉េ មុន​ពេល​ជួប​កុង​ហ្គោ និង​អ៊ុយ​ហ្ក​ង់​ដា​ក្នុង​ពូ​ល A៕