ខ្សែបម្រើ Naby Keita របស់ក្រុម Liverpool មានការវិវឌ្ឍយ៉ាងឆាប់រហ័ស ពោលគឺលឿនជាការរំពឹងទុកទៅទៀតពីបញ្ហារួសភ្លៅរបស់គេ ហើយនិងត្រូវទទួលបានឱកាសដើម្បីបង្ហាញពីភាពរឹងមាំរបស់គេ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Tottenham Hotspur នៅសប្តាហ៍ក្រោយ។

នេះបើយោងទៅតាមការប្រកាសរបស់លោក Juergen Klopp។ ខ្សែបម្រើអន្តរជាតិហ្គីណេ Keita បានជួបបញ្ហារបួសភ្លៅ ក្នុងពេលក្រុម Liverpool ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅលើទឹកដីក្រុម Barcelona កាលពីដើមខែនេះ និងបានអវត្តមានរយៈពេល២ខែ ដែលមានន័យថា រូបគេអាចនឹងអវត្តមានក្នុងការប្រកួតយុទ្ធនាការ African Cup of Nations នៅថ្ងៃមិថុនា។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Klopp បានបញ្ជាក់ថា ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ កំពុងតែមានការវិវឌ្ឍយ៉ាងល្អ នៅឯកន្លែងហ្វឹកហាតរបស់ក្លិប Liverpool នៅទីក្រុង Marbella បើទោះបីមានឱកាសដ៏ស្តួចស្តើងមួយក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងម៉ាឌ្រីដ នាថ្ងៃទី១ ខែមិថុនា។

លោក Klopp បានប្រាប់គេហទំព័ររបស់ Liverpool ថា៖ «Naby ហាក់ធូរស្បើយជាងការគ្រោងទុក ប៉ុន្តែ មិនមែនមានន័យថា អាចលេងក្នុងវគ្គផ្តាច់ព្រ័ត្របានឡើយ។ ពេលនេះ រូបគេកំពុងតែហ្វឹកហាត់លើការរត់។ រូបគេមានអារម្មណ៍ល្អប្រហែលជា៥០ភាគរយ ប៉ុន្តែ នៅតែត្រូវការសម្រាកបន្ថែមទៀត»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំដឹងពីបញ្ហាផ្សេងៗជាមួយនឹងក្រុមជម្រើសជាតិហ្គីណេ។ យើងមិនចង់រក្សាទុកកីឡាករម្នាក់ឡើយ ប្រសិនបើរូបគេអាចលេងបាន»។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Roberto Firmino ក៏បានវិលទៅហ្វឹកហាត់វិញកាលពីថ្ងៃអង្គារផងដែរ ក្រោយពីមានបញ្ហារបួសសាច់ដុំ ហើយអាចនឹងជាសះស្បើយជាងការគ្រោងទុក៕