Real Madrid កំពុងតែរៀបចំពង្រឹងប្រព័ន្ធលេងក្រុមរបស់ខ្លួនឡើងវិញនៅរដូវក្តៅនេះ ស្របពេលអ្នកចាំទីជើងចាស់ Keylor Navas ជាកីឡាករម្នាក់ក្នុងចំណោម កីឡាករមួយចំនួនទៀតដែលអាចចាកចេញពីកីឡាដ្ឋាន Estadio Santiago Bernabeu។

Navas កីឡាករអន្តរជាតិ កូស្តារីការូបនេះកំពុងតែស្វែងរកក្លឹបថ្មីស្របពេលអ្នកចាំទី Andriy Lunin ដែលត្រលប់ពីការខ្ចីជើងមកមកពីក្លិប Leganes និងកូនប្រុសរបស់គ្រូបង្វឹកលោក Zinidane Zidane ផ្ទាល់តែម្តងគឺយុវជន Luca Zidane ក៏ចង់ប្រជែងតំណែងអ្នកចាំទីជម្រើសទី២ ខណៈដែលកីឡាករ Thibaut Courtois ត្រៀមខ្លួនជាប់ជម្រើសដៃទី១ នៅរដូវកាលថ្មីទៅហើយនោះ។ ដូច្នេះសរុបសេចក្តីមកគឺតំណែងសម្រាប់ Keylor នៅ Santiago Bernabeu គឺអាចនិយាយបានថាដល់ទីបញ្ចប់។

ក្រុម FC Porto មានការផ្សារភ្ជាប់ព្រមជាមួយការផ្លាស់ប្តូរប្រកបដោយសក្តានុពលសម្រាប់ Navas ខណៈដែល Iker Casillas ទើបបានធូរស្បើយពីបញ្ហាជំងឺគាំងបេះដូងនិងត្រូវចំណាយពេលប៉ុន្មានសប្តាហ៍ទៀត មុនពេលសំរេចចិត្តតើគាត់នឹងវិលត្រលប់មកវិញឬចូលនិវត្តន៏នោះទេ។ ដូច្នេះ Navas អាចនឹងដើរតាមគន្លងរបស់សិស្សច្បងរបស់គេក្នុងការផ្លាស់ទៅកាន់កីឡាដ្ឋាន Estadio Do Dragao ប្រទេសព័រទុយហ្គាល់មួយនេះដើម្បីមានឪកាសច្រើនក្នុងការក្លាយជាអ្នកចាំទីជម្រើសដំបូងបន្តទៀត។