ក្រុម Ajax បានក្លាយជាម្ចាស់ជើងឯករបស់ហូឡង់ ជាលើកទី៣៤ កាលពីថ្ងៃពុធ ក្រោយពីពួកគេបានយកឈ្នះលើក្រុម De Graafschap ដោយងាយក្នុងលទ្ធផល ៤-១ ដើម្បីបំពេញការឈ្នះពានក្នុងស្រុក២ ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ បន្ទាប់ពីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League យ៉ាងឈឺចាប់ក្រោមស្នាដៃក្រុម Tottenham Hotspur។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Lasse Schoene, Nicolas Tagliafico និង Dusan Tadic ដែលរកបាន២គ្រាប់ បានជួយឲ្យក្រុមរបស់លោក Erik ten Hag ដណ្តើមបានជ័យជម្នះជាលើកទី៨ក្នុងក្របខ័ណ្ឌលីក និងឈ្នះពានលីកនេះតែម្តង ក្រោយពីមានភាពច្បាស់លាស់ស្ទើរតែទាំងស្រុងលើការលើកពាននេះ កាលពីចុងសប្តាហ៍មុន។
ក្រុម Ajax បានឈានទៅកាន់ការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយនាំមុខ៣ពិន្ទុដាច់លើ លើគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេ PSV Eindhoven និងមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងដល់ទៅ១៤គ្រាប់ ក្រោយពីពួកគេបានផ្តួលក្រុម ៤-១ ហើយក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានចាញ់ក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម AZ Alkmaar កាលពីថ្ងៃអាទិត្យ។
លទ្ធផលនេះទាំងនេះ បានធ្វើឲ្យក្រុម Ajax ឈ្នះពាន២ក្នុងរដូវកាលតែមួយជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំ ក្រោយពីបានលើកពាន Dutch Cup កាលពីថ្ងៃទី៥ ខែឧសភា ស្របពេលដែលការដណ្តើមបានជ័យជម្នះ ៣-១ របស់ក្រុម PSV លើក្រុម Heracles មិនបានបង្កើតឲ្យមានការប្រែប្រួលអ្វីឡើយ។ ទោះបីជាយ៉ាងណា តារាឆ្នើមៗរបស់ក្រុម Ajax ដែលបានជួយឲ្យពួកគេឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នោះ មិនបានបង្ហាញពីភាពមុតស្រួចរបស់ខ្លួនឡើយ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ មុននឹងពួកគេនឹងលក់ចេញនៅរដូវក្តៅនេះ៕