អ្នកចាត់ការទូទៅ Gennaro Gattuso បានសម្រេចចែកផ្លូវជាមួយក្លឹប AC Milan ជាផ្លូវការហើយ ក្រោយដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Milan មួយនេះទើបតែបាន ១៨ខែប៉ុណ្ណោះ បន្ទាប់ពីមិនអាចជួយ ក្លឹប ឈ្នះកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយបាន។

បុរសវ័យ ៤១ឆ្នាំដែលជាអតីតកីឡាករខ្សែបម្រើលេងឲ្យក្លឹប AC Milan បាន ៤៦៨ប្រកួតផងនោះ នៅសល់កិច្ច សន្យា រយៈពេល ២ឆ្នាំទៀតជាមួយក្លឹបនេះក្នុងការដឹកនាំ AC Milan ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ ក្នុងព្រឹត្តិការណ៍ Serie A នារដូវកាលនេះ ដែលក្រៅតំបន់លេងនៅ Champions League ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប AC Milan ដែលត្រូវបានដកស្រង់ដោយ BBC បានឲ្យដឹងថា «AC Milan សូមថ្លែង អំណរគុណចំពោះលោក Gennaro Gattuso ក្នុងរយៈពេលដឹកនាំ ១៨ខែមកនេះ»។

អតីតក្រុមជើងខ្លាំងដែលធ្លាប់ឈ្នះពាន UEFA Champions League បាន ៧សម័យកាលមកនេះ បានខកខាន លេង ក្នុងពានធំប្រចាំទ្វីបអឺរ៉ុបមួយនេះគិតចាប់តាំងពីរដូវកាលឆ្នាំ២០១៣-២០១៤ មក៕