ខ្សែប្រយុទ្ធ Eden Hazard បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយបន្ទាប់មក បានទទួលស្គាល់ថា វាជាកាដូបែកគ្នាមួយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់តារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ បានជួយឲ្យក្រុម Chelsea យកឈ្នះលើក្រុម Arsenal យ៉ាងងាយក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Baku។

ការប្រកួតនេះបានចាប់ផ្តើមនៅម៉ោង១១យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ក្នុងទីក្រុងអាស៊ែបៃហ្សង់ ប៉ុន្តែ ការប្រកួតឈានដល់តង់ទី២ដែលត្រូវជាថ្ងៃព្រហស្បតិ៍ ទើបភាពរំភើបផ្សេងៗបានកើតឡើង ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីជាបន្តបន្ទាប់ បានចាប់ផ្តើមពីគ្រាប់បាល់នៅនាទី ទី៤៩របស់ខ្សែប្រយុទ្ធ Olivier Giroud នៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់គេ។

បន្ទាប់មក Hazard បានជួយឲ្យ Pedro Rodriguez រកបានគ្រាប់បាល់ទី២សម្រាប់ក្រុម Chelsea នៅមុនពេលស៊ុតបាល់បញ្ចូលទី២គ្រាប់ដោយខ្លួនឯង ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ប៉េណាល់ទី១គ្រាប់ នៅចន្លោះគ្រាប់បាល់នៃការវាយបករបស់កីឡាករ Alex Iwobi សម្រាប់ក្រុម Arsenal ផងដែរ។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ ត្រូវបានរំពឹងទុកថា នឹងចាកចេញពីក្លិប Chelsea ទៅកាន់ Real Madrid ក្រោយពីការចំណាយពេលអស់៧ឆ្នាំនៅអង់គ្លេស ហើយនេះគឺជាចាកចេញជាមួយនឹងសមិទ្ធផលដ៏ល្អ។

Hazard វ័យ២៨ឆ្នាំ បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ខ្ញុំគិតថា វាជាការលាគ្នាមួយ ប៉ុន្តែ ក្នុងកីឡាបាល់ទាត់ អ្នកមិនអាចដឹងឡើយ។ សុបិនរបស់ខ្ញុំគឺការលេងក្នុង Premier League ហើយខ្ញុំបានបំពេញក្តីសុបិននោះសម្រាប់ការលេងឲ្យក្លិបមួយក្នុងចំណោមក្លិបដ៏ធំបំផុត ហេតុនេះ វាប្រហែលជាដល់ពេលហើយសម្រាប់ការប្រជែងថ្មីមួយទៀត»។ នេះគឺជាការឈ្នះពាន Europa League សម្រាប់ទាំងរូបគេ និង Chelsea ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ស្របពេលដែលវាជាពានទី១របស់លោក Maurizio Sarri ក្នុងនាមជាគ្រូបង្វឹកម្នាក់៕
ប្រភពព័ត៌មាន៖ Channel News Asia