លោក Jurgen Klopp បានបញ្ជាក់ថា ក្រុមបច្ចុប្បន្នរបស់លោក Liverpool គឺជាក្រុមខ្លាំងបំផុតដែលលោកធ្លាប់បានដឹកនាំទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈដែលលោករៀបចំផែនការដើម្បីឈ្នះពានក្របខ័ណ្ឌ Champions League នៅពេលប្រកួតជាមួយនឹងក្រុម Tottenham នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

ក្រុម Liverpool កំពុងតែត្រៀមសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ជាប់ៗគ្នារបស់ខ្លួន ក្រោយពីបានដណ្តើមបានលទ្ធផលល្អៗជាបន្តបន្ទាប់ ក្នុងនោះរាប់បញ្ចូលទាំងការវាយបកដើម្បីលុបចោលគ្រាប់បាល់តាមពីក្រោយ៣គ្រាប់ នៅពេលប្រកួតជាមួយនឹងក្រុម Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Anfield ផងដែរ។

វានឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី៤ក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់លោក Klopp ក្នុងនាមជាអ្នកចាត់ការទូទៅ ក្រោយពីបានបញ្ចប់ក្នុងនាមជាក្រុមជើងឯករងក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Borussia Dortmund កាលពីឆ្នាំ២០១៣ នៅមុនពេលចាញ់ក្នុងក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម ក្នុងឆ្នាំ២០១៦។

ការធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដ បានកើតឡើង ដោយសារតែស្មារតីមិនចុះចាញ់របស់ Liverpool ខណៈដែលលោក Klopp បានបញ្ជាក់ថា ក្រុមរបស់លោកក្នុងឆ្នាំ២០១៩នេះ គឺខ្លាំងជាងក្រុមដែលចាញ់ក្នុងក្របខ័ណ្ឌអឺរ៉ុប វគ្គផ្តាច់ព្រ័ត្រ កាលពី៣លើកមុន។ លោក Klopp ដែលក្រុមរបស់លោក បានចាញ់ក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន បានឲ្យដឹងថា៖ «ខ្ញុំមិនចូលចិត្តបន្ទោសលើក្រុមផ្សេងទៀតសម្រាប់ការបរាជ័យក្នុងក្របខ័ណ្ឌអឺរ៉ុបវគ្គផ្តាច់ព្រ័ត្រឡើយ។ ខ្ញុំចូលចិត្តពួកគេទាំងអស់។ ពួកគេទាំងអស់គ្នាបានប្រឹងអស់ពីសមត្ថភាពដូចគ្នា ប៉ុន្តែ ខ្ញុំមិនធ្លាប់មានក្រុមខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រដូចពេលនេះឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia