លោក Mike Ashley ម្ចាស់ក្លិប Newcastle United កំពុងតែស្ថិតក្នុងការពិភាក្សាដើម្បីលក់ក្លិបនេះទៅឲ្យលោក Sheikh Khaled bin Zayed Al Nahyan។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុនរបស់មហាសេដ្ឋីសញ្ជាតិអ៊េមីរ៉ាតអារ៉ាប់រួមរូបនេះ។

លោក Sheikh Khaled ដែលជាសាច់ញាតិរបស់លោក Sheikh Mansour ម្ចាស់ក្លិប Manchester City បានទទួលបរាជ័យក្នុងការទិញយកក្លិប Liverpool ក្នុងតម្លៃ២ពាន់លានផោន កាលពីឆ្នាំមុន។ បណ្តាញសារព័ត៌មានជាច្រើនបានចេញផ្សាយថា កិច្ចព្រមព្រៀងគ្នាលើការទិញក្លិប Newcastle នេះ មានចំនួនទឹប្រាក់៣៥០លានផោន (ស្មើនឹង៤៤៣,៨លានដុល្លារអាមេរិក។

ក្រុមហ៊ុន Bin Zayed Group បានបញ្ជាក់ថា ខ្លួនបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗអស់ហើយ និងសង្ឃឹមថា នឹងបំពេញការព្រមព្រៀងក្នានេះ ក្នុងពេលឆាប់ៗ។ លោក Ashley ដែលបានទិញក្លិប Newcastle កាលពីឆ្នាំ២០០៧នោះ បានដាក់លក់ក្លិបរបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៧។ Newcastle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ លើតារាងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Rafael Benitez ដែលកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។

ក្រុមហ៊ុន Bin Zayed Group បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងអាចប្រកាសបានថា ក្រុមការងារតំណាងឲ្យលោក Sheikh Khaled Bin Zayed Al Nahyan កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងលោក Mike Ashley និងក្រុមរបស់លោក អំពីការទិញយកក្លិបកីឡាបាល់ទាត់ Newcastle United»។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា៖ «យើងគតិថា វាជាកិត្តិយសមួយក្នុងការទទួលបានឱកាសនេះក្នុងការអភិវឌ្ឍដោយផ្អែកទៅលើការគាំទ្រ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ក្លិបនេះ។ យើងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗ និងកំពុងតែធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញការលក់-ដូរនេះឲ្យបានឆាប់បំផុត»៕
ប្រភពព័ត៌មាន៖ BBC