ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur បានបញ្ជាក់ថា រូបគេ «ត្រៀមខ្លួនរួចរាល់ហើយ» សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ សប្តាហ៍នេះ ជាមួយនឹងក្រុម Liverpool ក្នុងទីក្រុងម៉ាឌ្រីដ ក្រោយពីវិលទៅចូលហ្វឹកហាត់ពេញលេញវិញ។

ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានអវត្តមាន ចាប់តាំងពីបានរងរបួសកជើង អំឡុងពេលនៃការប្រកួតជើងទី១នៃវគ្គ៨ក្រុមចុងក្រោយ ជាមួយនឹងក្រុម Manchester City។ ប៉ុន្តែ Kane បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំបានចាប់ផ្តើមមានអារម្មណ៍ខ្ញុំវិលទៅរកភាពរឹងមាំវិញហើយកាលពីចុងសប្តាហ៍មុន»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «មកទល់ពេលនេះ វាមិនមានបញ្ហាអ្វីឡើយ។

សម្រាប់ខ្ញុំ សប្តាហ៍នេះ នៅពេលនេះ នឹងទទួលបានភាពរឹងមាំខ្ពស់បំផុតតាមដែលអាច»។ Kane បានបន្ថែមទៀតថា៖ «បន្ទាប់មក វាអាស្រ័យទៅលើអ្នកចាត់ការទូទៅ។ ដូចដែលខ្ញុំបាននិយាយអ៊ីចឹង ខ្ញុំមានអារម្មណ៍។ អ្នកចាត់ការទូទៅ នឹងវិភាគលើករណីនេះ និងសម្រេចថា ខ្ញុំត្រៀមរួចរាល់ក្នុងការចូលលេងឬអត់។

ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំមានអារម្មណ៍ល្អ និងត្រៀមខ្លួនរួចរាល់ហើយ»។ ស្របពេលជាមួយគ្នានេះ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានបញ្ជាក់ថា៖ «កាលពីសប្តាហ៍មុន គឺថ្ងៃសុក្រ និងថ្ងៃសៅរ៍ Harry Kane បានចាប់ផ្តើមចូលរួមជាមួយហ្វឹកហាត់ជាមួយនឹង។ វាជាស្ថានភាពវិជ្ជមានមួយសម្រាប់រូបគេ»៕
ប្រភពព័ត៌មាន៖ Channel News Asia