ក្រុមណាហ្គាវើល របស់លោក មាស ចាន់ណា បានធ្វើឲ្យស្ថានភាពប្រកួតនៅក្នុងលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ របស់ក្រុមចំណូលថ្មី ខេត្តកំពង់ចាម កាន់តែអាក្រក់ ខណៈពួកគេបានយកឈ្នះក្រុមមួយនេះ រហូតដល់ ១៨-០ នោះ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង អង្គរថាយហ្គឺរ បឹងកេត ក្រសួងការពារជាតិ សូលទីអង្គរ និងក្រុមភ្នំពេញក្រោន ក៏រកបាន៣ពិន្ទុផងដែរ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នោះផងដែរ។

ការលត់ក្រុមខេត្តកំពង់ចាម ១៨-០ លើកនេះ វាមិនត្រឹមតែធ្វើឲ្យក្រុមណាហ្គាវើល បន្តឈរនៅលើកំពូលតារាង កាន់តែកក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែការរកបានរហូតដល់១៨គ្រាប់នេះ វាបានលុបចោលនូវកំណត់ត្រាដ៏ល្អរបស់ក្រុមវិសាខា ដែលយកឈ្នះក្រុមខេត្តកំពង់ចាម ១៤-០ កន្លងមកនេះ ហើយក៏កាន់តែល្អជាងក្រុមអង្គរថាយហ្គឺរ និងក្រុមក្រសួងការពារជាតិ ផងដែរ ព្រោះក្រុមទាំង២នេះ បានយកឈ្នះក្រុមខេត្តកំពង់ចាម ១១-០ ដូចគ្នា។ ជាមួយជ័យជម្នះដ៏ធំរបស់ណាហ្គាវើលនេះ ខ្សែប្រយុទ្ធ Esho Omogba និង Kipson សុទ្ធតែរកបានលើសពី៣គ្រាប់ គឺ Omogba រកបាន៧គ្រាប់តែម្នាក់ហើយ ហើយ Kipson រកបាន៥គ្រាប់។ ប៉ុន្តែការឈ្នះរហូតដល់ ១៨-០ បែបនេះ វាក៏បានប៉ះពាល់ដល់កម្រិតស្តង់ដារ និងគុណភាព នៃការប្រកួតលីកកំពូលកម្ពុជាផងដែរ។

ចំណែកខ្សែប្រយុទ្ធមានមាឌមាំ Timothy ក៏រកបាន៣គ្រាប់តែម្នាក់ឯង ដើម្បីជួយឲ្យក្រុមអង្គរថាយហ្គឺរ យកឈ្នះក្រុមប៉ូលិស ៤-២ នៅលើទឹកដីខ្លួនឯងផងដែរ ហើយលទ្ធផលនេះ បានជួយឲ្យ អង្គរថាយហ្គឺរ កាន់តែមានពិន្ទុប្រកៀកទៅនឹងក្រុមវិសាខា ព្រោះនៅសប្តាហ៍នេះ ក្រុមវិសាខា បានចាញ់ក្រុមក្រសួងការពារជាតិ ១-០ ខណៈ ឈិន ឈឿន ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះនេះ ដើម្បីជួយស្រោចស្រង់ឲ្យ ក្រសួងការពារជាតិ វិលទៅរកភាពប្រសើរវិញ ក្រោយក្រុមមួយនេះ បានចាញ់ក្រុមគិរីវង់សុខសែនជ័យ ៤-១ កាលពីសប្តាហ៍មុន។

យ៉ាងណាមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៣-០ ដើម្បីបន្តឈរនៅលេខរៀងទី២ មាន២៣ពិន្ទុ តិចជាងណាហ្គាវើល ១ពិន្ទុដដែល។ ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-២ ដើម្បីមាន១៧ពិន្ទុស្មើក្រុមក្រសួងការពារជាតិ ដដែល ខណៈភ្នំពេញក្រោន បានយកឈ្នះក្រុមគិរីវង់ ២-១ ទាំងលំបាក ប៉ុន្តែក្រុមអគ្គិសនីកម្ពុជា បានចាញ់ក្រុមសូលទីឡូអង្គរ ៤-២ នៅលើទឹកដីខ្លួនឯង៕