រដូវកាលទី១របស់លោក Unai Emery នៅឯក្លិប Arsenal នឹងត្រូវកាត់សេចក្តីថា បរាជ័យ ឬក៏ជោគជ័យ អាស្រ័យទៅលើលទ្ធផលពីការប្រកួតតែមួយគឺក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Chelsea ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មានទម្លាប់ក្នុងការដណ្តើមបានលទ្ធផលដ៏ល្អបំផុតក្នុងក្របខ័ណ្ឌលំដាប់ទី២របស់អឺរ៉ុបមួយនេះ។

Unai Emery

លោក Emery បានឈ្នះពាន Europa League ៣ឆ្នាំជាប់ៗគ្នា នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ នៅពេលដែលដឹកនាំក្នុងក្លិប Sevilla ហើយលោកនឹងក្លាយជាគ្រូបង្វឹកដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃយុទ្ធនាការនេះ ប្រសិនបើដណ្តើមបានជ័យជម្នះមួយផ្សេងទៀតក្នុងទីក្រុង Baku។

ទោះបីជាយ៉ាងណា វាមិនត្រឹមតែជាពានអឺរ៉ុបជាលើកទី១ក្នុងរយៈពេល២៥ឆ្នាំដែលត្រូវដណ្តើមយកសម្រាប់ក្រុម Arsenal ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពានដ៏សំខាន់ក្នុងការជួយឲ្យពួកគេឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ផងដែរ ក្រោយពីបានអវត្តមានអស់រយៈពេល២ឆ្នាំ។ ការត្រៀមខ្លួនរបស់ក្រុម Arsenal សម្រាប់វគ្គផ្តាច់ព្រ័ត្រ ត្រូវបានរំខានដោយសារតែបញ្ហាក្រៅទីលានប្រកួត ដោយសារតែត្រូវប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងរដ្ឋធានីរបស់ប្រទេសអាស៊ែបៃហ្សង់។

Henrikh Mkhitaryan

អ្នកគាំទ្រជាច្រើនត្រូវបង្ខំចិត្តធ្វើដំណើរក្នុងចម្ងាយរហូតដល់ជិត៨០០០គីឡូម៉ែត្រ ស្របពេលដែលការជ្រើសរើសក្រុមរបស់លោក Emery ក៏មានបញ្ហាផងដែរ ដោយសារតែខ្សែបម្រើ Henrikh Mkhitaryan បានសម្រេចចិត្តមិនធ្វើដំណើរជាមួយនឹងក្រុមរបស់ខ្លួន ដោយបារម្ភពីសុវត្ថិភាព ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងប្រទេសអាមេនីរបស់គេ និងអាស៊ែបៃហ្សង់៕
ប្រភពព័ត៌មាន៖ Channel News Asia