ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហ៍ទី៩ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញ តំបន់កំពូលទាំង២ នឹងនៅតែបន្តគ្រប់គ្រងដោយក្រុមណាហ្គាវើល និងក្រុមព្រះខ័នរាជស្វាយរៀងដដែល គឺមិនអាចនឹងមានការប្រែប្រួលនោះឡើង ចំណែកលេខរៀងទី៣ ក៏នឹងត្រូវគ្រប់គ្រងបន្តដោយក្រុមវិសាខា ផងដែរ ប៉ុន្តែលេខរៀងទី៤ ដែលកំពុងគ្រប់គ្រងដោយក្រុមអង្គរថាយហ្គឺរ អាចមានសម្ពាធតិចតួច។

ការមើលឃើញបែបនេះ ក៏ព្រោះតែក្រុមណាហ្គាវើល និងក្រុមស្វាយរៀង សុទ្ធតែមានភាគរយខ្ពស់ ក្នុងការឈ្នះបាន៣ពិន្ទុបន្ថែម ពិសេសក្រុមណាហ្គាវើល ដែលកំពុងឈរនៅលើកំពូងតារាង ដែលមាន២១ពិន្ទុ ព្រោះនៅសប្តាហ៍នេះ ពួកគេត្រូវជួបក្រុមខេត្តកំពង់ចាម។ តាមកម្រិតលេងរបស់ខេត្តកំពង់ចាម គឺណាហ្គាវើល អាចយករកបានគ្រាប់បាល់ច្រើន ដើម្បីលុបចោលការឈ្នះ ១៤-០ របស់ក្រុមវិសាខា លើក្រុមខេត្តកំពង់ចាម។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបធ្លាក់មកឈរនៅលេខ២ មាន២០ពិន្ទុ ក្រោយស្មើ ២-២ ជាមួយក្រុមបឹងកេត កាលពីសប្តាហ៍មុននោះ ក៏មានភាគរយខ្ពស់ ក្នុងការដណ្តើមបាន៣ពិន្ទុពីក្រុមសាលាបាល់ទាត់ជាតិបាទី ផងដែរ ប៉ុន្តែបឹងកេត អាចនឹងមានភាពតានតឹង ក្នុងការប្រជែងយក៣ពិន្ទុពីក្រុមអាស៊ីអឺរ៉ុប។

ចំណែកក្រុមអង្គរថាយហ្គឺរ នៅភាពមន្ទិលតិចតួច ក្នុងការដណ្តើមបាន៣ពិន្ទុ ពីក្រុមប៉ូលិស ដែលដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា តែដោយសារការប្រកួតនេះ ត្រូវធ្វើកីឡដ្ឋានខេត្តសៀមរាប ហេតុនេះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ អាចនឹងមានលទ្ធភាពច្រើនផងដែរ ក្នុងយកឈ្នះ។ ផ្ទុយពីនេះជំនួបរវាងក្រុមវិសាខា និងក្រសួងការពារជាតិ វាជាការប្រកួតដ៏តានតឹង និងមានការចប់អារម្មណ៍ខ្លាំងជាងគេ ប៉ុន្តែទៅលទ្ធផលបែបណា ក៏ក្រុមវិសាខា នៅតែអាចបន្តឈរនៅលេខរៀងទី៣ដដែល ព្រោះក្រុមតាមពីក្រោយ គឺអង្គរថាយហ្គឺរ ទើបមាន១៥ពិន្ទុ ខណៈវិសាខា ពេលនេះមាន១៩ពិន្ទុទៅហើយ៕